ព័ត៌មានអន្តរជាតិ

លោក ឌូទើតេ និយាយថា តំណែងប្រធានាធិបតីមិនសក្តិសមនឹងមនុស្សស្រីកាន់ឡើយ

image

ម៉ានីល៖ មេដឹកនាំហ្វីលីពីន រ៉ូឌ្រីហ្កោ ឌូទើតេ នៅថ្ងៃព្រហស្បតិ៍ បានប្រកាសថា តំណែងប្រធានាធិបតី មិនមែនជាការងារសម្រាប់មនុស្សស្រីធ្វើនោះឡើយ ព្រោះតែអារម្មណ៍ពួកគេខុសពីមនុស្សប្រុស ។ លោកក៏ឆ្លៀតទាត់ចោលពាក្យចចាមអារ៉ាមថាកូនស្រីលោក ចូលប្រជែងតំណែងនេះផងដែរ។ 

ថ្លែងសុន្ទរកកថាក្នុងពិធីបើកដំណើរគម្រោងផ្លូវល្បឿនលឿនមួយ លោក ឌូទើតេ អះអាង កូនស្រីលោក អ្នកស្រី សារ៉ា (Sara) អត់ចូលប្រជែងតំណែងប្រធានាធិបតីឡើយ ព្រោះលោកអាណិតនាង ដោយមិនចង់ឲ្យកូនស្រីលោកជួបការលំបាក ដូចលោក។

«នេះពុំមែនជាការងារសម្រាប់មនុស្សស្រីឡើយ។ អ្នកដឹងទេថា អារម្មណ៍មនុស្សស្រី និងមនុស្សប្រុស គឺជាខុសគ្នាទាំងស្រុង»។ លោកប្រធានាធិបតីរូបនេះ សង្កត់ធ្ងន់បែបនេះ មុននឹងបន្ថែមថា អ្នកនឹងក្លាយជាមនុស្សល្ងង់ខ្លៅ ហើយនេះជារឿងដ៏គួរឲ្យកម្សត់ណាស់។ 

អ្នកស្រី សារា អាយុ ៤២ឆ្នាំ ដែលជាកូនស្រីលោក ឌូទើតេ ត្រូវបានមើលឃើញថាជាបេក្ខនារីឈានមុខមួយ ក្នុងបញ្ជីឈ្មោះអ្នកចូលប្រជែងយកតំណែងប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ២០២២នៅហ្វីលីពីន។ នេះបើតាមការស្ទង់មតិសាធារណៈកាលពីថ្មីៗនេះ ដែលដកស្រង់ចុះផ្សាយដោយសារព័ត៌មាន រ៉យទ័ (Reuters) ។ 

សូមបញ្ជាក់ថា ចាប់តាំងពីទទួលបានឯករាជ្យមក សាធារណរដ្ឋហ្វីលីពីន មានស្ត្រីជាប្រធានាធីបតី២រូប ដោយម្នាក់គឺ អ្នកស្រី ក្លូរៀ ម៉ាកាបាហ្កាល់ អារ៉ូយូ (Gloria Macapagal Arroyo) កាន់តំណែងចាប់ពីឆ្នាំ២០០១ ដល់ ឆ្នាំ២០១០ និងម្នាក់ទៀត គឺអ្នកស្រី កូរ៉ាសូ អាក្វីណូ (Corazon Aquino) កាន់តំណែងចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩២៕ 

អត្ថបទដោយ៖ អ៊ឹម ម៉េងស៊ាង


ព័ត៌មានទាក់ទង...