(កំពត) ៖ នាថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់បានមួយថ្ងៃ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈ ប្រតិភូក្រសួងមួយក្រុម រួមមានមន្ត្រីជំនាញពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនស្ពានថ្នល់ចិន(CRBC) អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការដ្ឋានជួសជុល កំណាត់ផ្លូវជាតិលេខ៤១ និងកំណាត់ផ្លូវជាតិលេខ០៣ និង កំណាត់ផ្លូវជាតិលេខ៣៣ ក្នុងភូមិសាស្ត្រកែប និង ខេត្តកំពត ដែលបានទទួលរងនូវផលប៉ះពាល់ដោយជំនន់ទឹក ភ្លៀងនាពេលកន្លងមក។
សូមជម្រាបជូនថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធធ្វើការជួសជុលកាយសម្រួលបន្ទាន់កំណាត់ផ្លូវជាតិទាំងនេះមុនពេលបោះឆ្នោត ដើម្បីសម្រួលជាបណ្តោះអាន្នដល់ការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅចូលរួមបោះឆ្នោត និងការធ្វើដំណើរ ព្រមទាំងដឹកជញ្ជូនផ្សេងៗផងដែរ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ ថា មានគម្រោងចំនួន ៤ ដែលនឹងត្រូវអនុវត្តសម្រាប់ផ្លូវជាតិសំខាន់ទាំង ៤ក្នុងភូមិសាស្ត្រ ខេត្តកំពតនិងខេត្តកែប រួមមាន៖
១-ផ្លូវជាតិលេខ៤១កំពុងសិក្សាលទ្ធភាព និងបច្ចេកទេសដើម្បីលើកកម្ពស់គុណភាព ពីផ្លូវប្រភេទ DBST ទៅជាផ្លូវបេតុង កៅស៊ូAC ទាំងស្រុង សំដៅរក្សាបានភាពយូរអង្វែង អាចទ្រទម្ងន់បានប្រសើរជាងមុន និងចូលរួមចំណែក ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិត ទៀត។
២-កំណាត់ផ្លូវជាតិលេខ០៣ពីភ្នំពេញមកបែកគុស ត្រូវបានបើកការដ្ឋានសាងសង់ពង្រីក ដោយក្រុមហ៊ុនចិន ពីពីរគន្លងទៅបួនគន្លង។
៣-ផ្លូវជាតិលខ០៣ ពីបែកគុសមកទីរួមខេត្តកំពត បន្តទៅដល់វាលរិញ នឹងត្រូវលើកកម្ពស់គុណភាពផ្លូវពីDBSTទៅផ្លូវបេតុងកៅស៊ូAC សាងសង់ដោយក្រុមហ៊ុនចិន។
៤-គម្រោងជួសជុលផ្លូវជាតិលេខ០៤ត្រូវ ពង្រីកទទឹងពី ០៧ម៉ែត្រទៅ ១១ម៉ែត្រ ក្រាលកៅស៊ូAC បន្ថែមពីលើ និងលើកកម្រិតកម្ពស់ផ្លូវដែលលេចទឹក តាមតំបន់មួយចំនួន។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមទៀតថា រាជរដ្ឋាភិបាល មានគម្រោងលើកកម្ពស់គុណភាពផ្លូវខេត្ត ផ្លូវជាតិ ជាច្រើនទៀតទៅដល់គ្រប់ច្រកល្ហក ដើម្បីប្រជារាស្ត្រមានឱកាសរកចំណូលបន្ថែម ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសាធារណៈការ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនដឹកជញ្ជូន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍ និងមិនត្រូវដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ថែរក្សាហេដ្ឋារចនាស្ពានថ្នល់ដែលជាសម្បត្តិដ៏មហាសាល របស់ប្រទេសជាតិយើងឱ្យគង់វង្ស និងប្រើប្រាស់ឱ្យបានយូរអង្វែង៕