ព័ត៌មានជាតិ

រកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី១០នាក់ និងមានអ្នកជាសះស្បើយចំនួន១នាក់

image

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១០នាក់ បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ១នាក់ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលបានបញ្ជាក់ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ទាំង ១០នាក់នោះ សុទ្ធសឹងតែជាពលករខ្មែរមកពីប្រទេសថៃ ក្នុងនោះនៅក្រុងប៉ោតប៉ែត ខេត្តបន្ទាយមានជ័យចំនួន ៤នាក់(ប្រុសម្នាក់), ខេត្តបាត់ដំបងចំនួន ៣នាក់(ប្រុសម្នាក់), ខេត្តប៉ៃលិនចំនួន ៣នាក់(ស្ត្រី)។ បច្ចុប្បន្នពួកគេទាំង ១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។

ចំណែកអ្នកជាសះស្បើយចំនួន ១នាក់វិញ ជាពលករធ្វើដំណើរមកពីប្រទេសថៃ ជាស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៧:០០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤៣៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៨២នាក់ និងអ្នកជំងឺចំនួន ៥៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ព័ត៌មានទាក់ទង...