ព័ត៌មានជាតិ

បក្ខពួក២នាក់ទៀតដែលពាក់ព័ន្ធនឹងការបាញ់សម្លាប់ លោក រ៉េត ស៊ីណែត ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តត្បូងឃ្មុំ

image

ភ្នំពេញ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធបន្ថែមទៀត ដែលពាក់ព័ន្ធការបាញ់សម្លាប់ លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយដកហូតបានកាំភ្លើងខ្លី ១ដើម និងគ្រាប់មួយចំនួនផងដែរ។

មន្រ្តីនគរបាលបានបង្ហើបឱ្យដឹងថា បក្ខពួកប្តីប្រពន្ធទាំង២នាក់ នេះគឺ ជាអ្នកផ្តល់មធ្យោបាយនូវម៉ូតូមួយគ្រឿង ដល់ជនដៃដល់ អ៊ា ណារ៉េន ជាមធ្យោបាយជិះគេចខ្លួន។ ម្យ៉ាងវិញទៀតការចាប់ខ្លួនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធនេះផងដែរ ក៏ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ដែលធ្លាប់បានធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាមួយជនដៃដល់នាពេលកន្លងមក។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ដោយឡែក សាកសពជនដៃដល់ អ៊ា ណារ៉េន ត្រូវបានសមត្ថកិច្ច ដឹកទៅតម្កល់ទុកនៅក្នុងវត្តរង់ចាំប្រពន្ធកូន និងក្រុមគ្រួសារទៅទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ឌី យ៉ាម៉ង