ព័ត៌មានជាតិ

ក្រសួងការបរទេស ៖ ជំនួយមនុស្សធម៌ជាទឹកប្រាក់ ១០ម៉ឺនដុល្លារបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រគល់រួចរាល់ ជូនរដ្ឋាភិបាលឡាវ សម្រាប់ជួយជនរងគ្រោះពីការបាក់ទំនប់វារីអគ្គីសនី

image

ក្រសួងការបរទេសកម្ពុជា បានប្រកាសថា កាលពីព្រឹកថ្ងៃចន្ទ ទី ៣០ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ តំណាងឲ្យឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រគល់ជូនឯកឧត្តម ប្រាសិទ្ធ សាយ៉ាសិទ្ធ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជា ណាចក្រកម្ពុជា នូវជំនួយមនុស្សធម៌ដែលមានទឹកប្រាក់ ១០០,០០០ ដុល្លារ(ដប់ម៉ឺនដុល្លារអាមេរិក) ផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ក្រសួងការបរទេសបញ្ជាក់ថា ជំនួយមនុស្សធម៌ ១០ម៉ឺនដុល្លារអាមេរិកត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូនប្រទេសឡាវ សម្រាប់ ជាជំនួយ ជនរងគ្រោះដោយមហន្តរាយទឹកជំនន់បង្កឡើងដោយការរលំបាក់ទំនប់វារីអគ្គីសនី សេពៀន សេណាំណូយ (Xepien Xenamnouy) នៅក្នុងខេត្តអាតាពើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងនាមមិត្តនិងប្រទេសជិតខាង៕


ព័ត៌មានទាក់ទង...