សន្តិសុខសង្គម

កូនកំលោះមិនបានផ្សំដំណេក ក្រោយពេលដែលពិធីមង្គលការ បានក្លាយជាសមរភូមិវាយតប់គ្នារវាងភ្ញៀវខាងកូនកំលោះ និងភ្ញៀវខាងកូនក្រមុំ

image


កណ្ដាល៖ ពិធីមង្គលការមួយ បានក្លាយជាសមរភូមិវាយតប់គ្នារវាងភ្ញៀវខាងកូនកំលោះ (រួមមានទាំងកូនកំលោះ) ជាមួយភ្ញៀវខាងកូនក្រមុំ បង្កការភ្ញាក់ផ្អើលពេញភូមិ ហើយត្រូវបានសមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួន បានមនុស្សចំនួន ៦នាក់។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា នៅចំណុចភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មវិធីរៀបមង្គលការមួយ ដែលមានភ្ញៀវទាំងសងខាង បានចូលរួមផឹកស៊ីរាំរែក សប្បាយគ្រប់ៗគ្នា។ លុះផឹកស្រវឹងរៀងៗខ្លួន ក្រុមទាំង២ បានឌឺដងដាក់គ្នារហូតឈ្លោះប្រកែកគ្នា បានយកកៅអី ចាន កែវ ថូផ្កា គប់គ្នាទៅវិញទៅមក បណ្តាលឲ្យមានរបួសស្នាមរៀងៗខ្លួន ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រុមបង្កទាំងសងខាង កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២២និង០០នាទី។

តាមរបាយការណ៍ បានឲ្យដឹងថា ជនសង្ស័យ២ក្រុម រួមមាន ក្រុមទី១ ខាងកូនកំលោះ មានគ្នា៤នាក់ រួមមាន ៖ ១-ឈ្មោះ ម៉េត សុភីន ភេទប្រុស ជនជាតិខ្មែរ អាយុ២២ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ ត្រូវជាកូនកំលោះ មានរបួសស្នាមបែកក្បាល (ឃាត់ខ្លួន)។ ២-ឈ្មោះ ម៉េត លាភ ភេទប្រុស ជនជាតិខ្មែរ អាយុ៣០ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ត្រូវជាពូរបស់កូនកំលោះ មានរបួសស្នាមបែកសៀតថ្កា (ឃាត់ខ្លួន) ។

៣-ឈ្មោះ ងួន សុភា ភេទប្រុស ជនជាតិខ្មែរ អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ ត្រូវជាភ្ញៀវខាងកូនកំលោះមានរបួសស្នាមបែកចិញ្ចើម (ឃាត់ខ្លួន) និង៤-ឈ្មោះ អេង រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីនៅភូមិខ្លាក្រហ៊ឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរកម្មករសំណង់ត្រូវ ជាភ្ញៀវខាងកូនកំលោះមានរបួសស្នាមបែកក្បាល (ឃាត់ខ្លួន) ។

ដោយឡែក ក្រុមទី២ ខាងកូនក្រមុំ មានគ្នា២នាក់ រួមមាន ៖១-ឈ្មោះអេង មិនា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ត្រូវជាបងជីដូនមួយខាងកូនក្រមុំ មានរបួសស្នាមរយៈត្រង់កខាងឆ្វេង (ឃាត់ខ្លួន) និង
២-ឈ្មោះ ផន តុលា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរកម្មករសំណង់ ត្រូវជាបងជីដូនមួយខាងកូនក្រមុំ មានរបួសស្នាមហើមត្រង់ភ្នែកខាងស្តាំ (ឃាត់ខ្លួន)។

ជនសង្ស័យទាំង២ក្រុម ត្រូវបានសមត្ថកិច្ចនាំយកមកប៉ុស្តិ៍កំពង់សំណាញ់ ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី៕



ព័ត៌មានទាក់ទង...