ព័ត៌មានជាតិ

រកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២នាក់ និងមិនមានអ្នកជាសះស្បើយទេ

image

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២នាក់ បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយទេ គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលបានបញ្ជាក់ឱ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ២នាក់នោះ ម្នាក់ជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ) គឺជាកុមារាជនជាតិឥណ្ឌូនេស៊ី អាយុ១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខេត្តសៀមរាប ជាកូនប្រុសរបស់បុរសអាយុ ៣៤ឆ្នាំ និងស្ត្រី អាយុ៣៣ឆ្នាំ ដែលវិជ្ជមានវីរុសកូរីដ-១៩ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី និងមកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់កុមារារូបនោះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៅរាជធានីភ្នំពេញ។

ចំពោះករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ១នាក់ទៀត ជាពលករធ្វើដំណើរមកពីប្រទេសថៃ ជាស្រ្តីជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ របស់ស្ត្រីរូបនោះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅរាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៧:០០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៨៦នាក់ និងអ្នកជំងឺចំនួន ៥៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ដោយ៖ គង់ វណ្ណៈ