ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្មស្នើសុំធ្វើវិសោធនកម្ម «ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម»

image

អត្ថបទ៖ ចេង ឆហួត    

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មស្នើសុំកិច្ចអន្តរាគមន៍ជំរុញការធ្វើវិសោធនកម្ម “ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម” ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅតាមបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់។

សំណើរនេះត្រូវបានលើកយកមកពិនិត្យ និងពិភាក្សានៅក្នុងកិច្ចកិច្ចប្រជុំចង្អៀតនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ដែលដឹកនាំដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សំណើសុំអន្តរាគមន៍របស់ក្រសួងពាណិជ្ជកម្ម មានគោលបំណងនៃការធ្វើវិសោធនកម្ម “ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម” នេះ មានចំនួន ០៣ សំខាន់ៗ រួមមាន ១.លើកកម្ពស់ភាពងាយស្រួលនៃការធ្វើធុរកិច្ចនៅកម្ពុជា, ២.បំពេញបន្ថែមបទប្បញ្ញតិ្ត និងនីតិវិធីឱ្យមានភាពច្បាស់លាស់ សម្រាប់ទ្រទ្រង់យន្តការ ដែលបាននិងកំពុងអនុវត្តកន្លងមក និង ៣.ធានាសង្គតិភាពរវាងច្បាប់ទាំងពីរ “ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជ-កម្ម និងបញ្ជីពាណិជ្ជកម្ម” នេះ ជាមួយនឹងច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀត ដូចជា “ច្បាប់ស្តីពីការបោះ-ផ្សាយ និងការជួញដូរមូលបត្រមហាជន និងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម” ជាដើម។

សូមបញ្ជាក់ថា អង្គប្រជុំនេះ បានពិនិត្យមើលលម្អិតទៅលើមាត្រាពាក់ព័ន្ធនីមួយៗ នៃច្បាប់ទាំងពីរខាងលើ និងបានឯកភាពជាគោលការណ៍លើភាពចាំបាច់ និងបន្ទាន់នៃការធ្វើវិសោធនកម្ម ដោយក្រសួងពាណិជ្ជកម្មត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តសម្អាត និងកែសម្រួលពាក្យពេចន៍ តាមការឯកភាពរបស់កិច្ចពិភាក្សា។ 

លោកអគ្គបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំបានវាយតម្លៃខ្ពស់ដល់ក្រុមការងារក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំសម្របសម្រួលការងារដ៏មានសារៈសំខាន់នេះ និងបានណែនាំឱ្យក្រុមការងាររៀបចំអនុសាសន៍ស្របតាមស្មារតីនៃអង្គប្រជុំ ដើម្បីបន្តនីតិវិធីគោរពស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាល៕