ព័ត៌មានជាតិ

កីឡាករច្រើនរូបដែលត្រូវមកចូលរួមការប្រកួតវាយកូនបាល់ Australian Open ត្រូវបង្ខំឱ្យដាក់ខ្លួនដាច់ដោយឡែក

image

អូស្ត្រាលី៖ គណៈកម្មាធិការរៀបចំកម្មវិធីវាយកូនបាល់ពានរង្វាន់ Australian Open បានឱ្យដឹងថា កីឡាករដែលត្រូវមកចូលរួមការប្រកួតភាគច្រើននឹងត្រូវដាក់ខ្លួនដាច់ដោយឡែក។ 

ការអនុវត្តគោលការណ៍នេះ ក្រោយករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន៣ករណី ត្រូវបានរកឃើញអំឡុងការធ្វើដំណើររបស់ពួកគេមកកាន់ទីក្រុង Melbourne ប្រទេសអូស្ត្រាលី ហើយការរកឃើញនេះបង្កឱ្យមានការបារម្ភថា វាអាចនឹងឆ្លងរាលដាល អំឡុងការប្រកួត។

កីឡាករច្រើនជាង៧០នាក់ ត្រូវបានបង្ខំឱ្យដាក់ខ្លួនដាច់ដោយឡែក ក្នុងបន្ទប់សណ្ឋារគាររបស់ពួកគេចំនួន១៤ថ្ងៃ ដែលធ្វើឱ្យពួកគេមិនអាចហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតដែលនឹងដំណើរការពីថ្ងៃទី៨ ដល់ ២១ ខែកុម្ភៈខាងមុខបានទេ។ ករណីនេះបានធ្វើឱ្យកីឡាករខ្លះមិនពេញចិត្ត ហើយបញ្ចុះបញ្ចូលឱ្យ  Novak Djokovic ដែលជាកីឡាករលេខ ១ ពិភពលោកនិយាយជាមួយអាជ្ញាធរឱ្យបន្ធូរបន្ថយច្បាប់សម្រាប់កីឡាករ រួមទាំងរយៈពេលខ្លី។  

គួរឱ្យដឹងដែរថា ការលើកឡើងនេះធ្វើឱ្យ Novak Djokovic ទទួលការរិះគន់ពីកីឡាករអូស្ត្រាលី Nick Kyrgios និងត្រូវបានបដិសេធដោយអាជ្ញាធររដ្ឋ Victoria ដែលចង់រក្សាការឆ្លងក្នុងកម្រិតទាបបំផុត៕