ព័ត៌មានជាតិ

រុស្ស៊ីមិនខ្វល់នឹងការអំពាវនាវឲ្យដាក់ទណ្ឌកម្មមកលើប្រទេសរបស់ខ្លួនជុំវិញការចាប់ខ្លួនមេបក្សប្រឆាំង

image

ម៉ូស្គូ៖ កាលពីថ្ងៃអង្គារប្រទេសរុស្ស៊ីបាននិយាយថាខ្លួនមិនបានខ្វល់ចំពោះការអំពាវនាវរបស់ប្រទេសមួយចំនួននៅអឺរ៉ុបដើម្បីដាក់ទណ្ឌកម្មជុំវិញការចាប់ខ្លួនមេបក្សប្រឆាំងរុស្ស៊ីលោក អាឡិចស៊ី ណាវ៉ាល់នី (Alexei Navalny) ឡើយព្រោះរឿងក្តីនេះគឺជាបញ្ហានៅក្នុងប្រទេសសុទ្ធសាធ។

លោក ណាវ៉ាល់នី ត្រូវបានចាប់ខ្លូនកាលពីថ្ងៃអាទិត្យបន្ទាប់ពីត្រឡប់មករុស្ស៊ីវិញជាលើកដំបូងចាប់តាំងពីគាត់ត្រូវបានគេបំពុលដោយសារធាតុគីមីហាមឃាត់កាលពីឆ្នាំមុនក្នុងពេលដែលលោកកំពុងធ្វើដំណើរនៅភាគខាងកើតប្រទេសរុស្ស៊ី។

ប្រទេសលីទុយអានី, ឡាតវីយ៉ា និងអេស្តូនីចង់ឲ្យសហភាពអឺរ៉ុបឆ្លើយតបដោយដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក មីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា «នេះគឺជាករណីដែលពលរដ្ឋរុស្ស៊ីមិនគោរពច្បាប់រុស្ស៊ី ហើយវាគឺជាបញ្ហានៅក្នុងប្រទេសរបស់យើង ដូច្នេះយើងមិនអនុញ្ញាតឲ្យនរណាម្នាក់ចូលមកជ្រៀតជ្រែកឡើយ។»

លោក ប៉េសកូវ បាននិយាយថាលោក ណាវ៉ាល់នី ត្រូវបានចាប់ខ្លួនដោយសារបំពាននឹងលក្ខខណ្ឌនៃការព្យួរទោសកាលពីឆ្នាំ ២០១៤ពីបទកិបកេងប្រាក់ជាករណីដែលលោកបាននិយាយថាត្រូវបានប្រឌិតឡើងសម្រាប់ហេតុផលនយោបាយ។

លោក ប៉េសកូវ បានលើកឡើងផងដែរថាការអំពាវនាវរបស់លោក ណាវ៉ាល់នី ឲ្យពលរដ្ឋរុស្ស៊ីចេញធ្វើការតវ៉ានៅតាមដងផ្លូវជុំវិញការឃុំខ្លួនលោកនោះគឺគួរឲ្យព្រួយបារម្ភ ប៉ុន្តែរដ្ឋាភិបាលរុស្ស៊ីមិនបានខ្លាចការតវ៉ាទ្រង់ទ្រាយធំទេ៕

ប្រែសម្រួល៖ នីតា

ព័ត៌មានទាក់ទង...