រដ្ឋបាលរាជធានីភ្នំពេញបង្កើតឡដុតសំរាមដែលស៊ីនទ្រីយកមិនអស់នៅខណ្ឌជាយក្រុង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បង្កើតឡដុតសំរាមថ្មី នៅខណ្ឌជាយក្រុង ក្នុងសហគមន៍អណ្តូង ស្ថិតក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ ដើម្បី កាត់បន្ថយកាកសំណល់សំរាម បង្កើតឲ្យមានបរិស្ថានល្អជូនបងប្អូនប្រជាពលរដ្ឋរស់នៅសហគមន៍។

ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងត្រួតពិនិត្យឡដុតសំរាមថ្មីនៅសហគមន៍អណ្តូង ក្នុង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី៣១ កក្តដា នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំ ពេញបានណែនាំដល់អាជ្ញាធរមូលរដ្ឋាន សង្កាត់ ខណ្ឌ ពិសេសប្រជាពលរដ្ឋខ្លួនឯងតែម្តង ត្រូវរួមគ្នាយកចិត្តទុកដាក់គិតគូរអំពីការទុកដាក់សំរាមឲ្យយបានល្អ ធ្វើយ៉ាងណា រួមគ្នាសំអាតមូលដ្ឋានខ្លួន ដើម្បី កាត់បន្ថយកាកសំណង់សំរាម បង្កើតឲ្យមានបរិស្ថានល្អ ប្រសើរឡើង ព្រោះនៅពេលនេះ អាជ្ញាធរបានបង្កើត ឲ្យមានឡដុតសំរាមនៅក្នុងសហគមន៍របស់ខ្លួនហើយ។ ឯកឧត្តមអភិបាលបន្តថា ការបង្កើតឲ្យមានឡដុតសំរាម នៅខាងក្រៅក្រុង តាមបណ្តាខណ្ឌជាយក្រុងនេះ ដោយសារក្រុមហ៊ុនស៊ីនទ្រីចុះយកមិនអស់។ ម្យ៉ាងទៀត ឯកឧត្តម ក៏ធ្លាប់សុំគោលការណ៍ ពីក្រសួងបរិស្ថានផងដែរ ព្រោះការបង្កើតឡដុតសំរាមនេះ វាធ្វើអោយបរិស្ថានប្រសើរជាងការទុកចោល ដែលបង្កនាំឲ្យមានក្លិនមិនល្អ កើតមានមេរោគប៉ះពាល់ដល់សុខភាពសាធារណៈ។

ក្នុងនោះដែរ ឯកឧត្តម អភិបាលក៏បានជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំធ្វើផ្លូវ ប្រព័ន្ធលូ បង្ហូរទឹក នៅក្នុងសហគមន៍នេះ ឲ្យបានល្អដើម្បី ភាពងាយស្រួលក្នុងការរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើង។ ក្រៅពីការសួរសុខទុក្ខ និងពិនិត្យឡត៏ដុតសំរាម នៅសហគមន៍អណ្តូង ឯកឧត្តមអភិបាល បានបន្តទៅកាន់សហគមន៍សំព័រថ្មីនិងសហគមន៍អណ្តូងថ្មីរុងរឿង២បន្តទៀត បានណែនាំមន្ត្រីជំនាញ ឲ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជាការដាក់បង្គោលភ្លើង និងធ្វើផ្លូវជូនបងប្អូនជាដើម។

បន្ទាប់ពី សហគមន៍ខាងលើ ឯកឧត្តមអភិបាល បន្តដំណើរចុះត្រួតពិនិត្យ ការរៀបចំប្រព័ន្ធលូ បង្ហូរទឹក និងផ្លូវមួយខ្សែរ នៅក្នុងសហគមន៍សំរោងមានជ័យ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បាន ដាក់ផែនការឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ពន្លឿនរៀបចំកសាងផ្លូវជូនបងប្អូនបន្ថែមទៀត។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលកំពុងរស់នៅសហគមន៍អណ្តូងនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បញ្ជូនមកពីសហគមន៍មិនរៀបរយនានាក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦ ដូចជាអគារប៊ូលឌីញ សំណង់មិនរៀបរយសំបុក្រចាប ដីក្រហម និងបុរីកីឡាជាដើម។ រហូតមកដល់បច្ចុប្បន្ន សហគមន៍ទាំងនេះ ទទួលបានការអភិវឌ្ឍរីកចម្រើនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធមាន សាលា ផ្សារ មន្ទីរពេទ្យ ផ្លូវ លូ បណ្តាញទឹកជាដើម ដែលទាំងអស់នេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ មកលើប្រជាពលរដ្ឋ៕ (អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation