​​ជប៉ុននឹងបង្កើតសួនសត្វសាហ្វារីដ៏ធំមួយ មិនធ្លាប់មាននៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយក្រុមហ៊ុនជប៉ុន រៀបចំបង្កើតសួនសត្វដ៏ធំមួយនៅតំបន់ព្រៃភាគខាងជើងប្រទេស នៅក្នុងទឹកដីនៃខេត្តព្រះវិហារ។

កម្មវិធីចុះអនុស្សរណៈយោគយល់គ្នារវាង រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុន B.M. Nature Safari Co. LtD.,
ស្តីពី «ការសិក្សារៀបចំបង្កើតសួន Safari ដើម្បីអភិរក្សសត្វព្រៃនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប» ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា គុណតម្លៃសំខាន់បំផុតបីចំណុចដែលរាជបណ្ឌិត្យសភាកម្ពុជាមានចក្ខុុវិស័យសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប៖

១- ទេសចរណ៍ធម្មជាតិ មានសត្វ និង ព្រៃឈើ
២- ទេសចរណ៍វប្បធម៌ មានឡស្លដែកដែលបន្សល់ទុកមកតាំងពីសម័យមុនអង្គរ និងវប្បធម៌ជនជាតិកួយខេត្តព្រះវិហារ
៣-ទេសចរណ៍សិប្បនិម្មិត ក្នុងនោះនឹងមានបង្ហាញជាលក្ខណៈទេសចរណ៍បែបផលិតផល មានន័យថា អ្នកទេសចរនឹងបានឃើញទាំងតម្លៃធម្មជាតិជាមួយនឹងផលិតផលផ្សេងៗដែលផលិតនៅក្នុងតំបន់ឧទ្យានដោយផ្ទាល់ ហើយនៅឧទ្យានអាចនឹងមានខ្សែរ៉ត សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ សម្រាប់ទស្សនាតំបន់សួនសត្វ និង ព្រៃធម្មជាតិដ៏ស្រស់បំព្រងផងដែរ។

លោក គីណូស៊ិតា សូរី ប្រធានក្រុមហ៊ុន B.M. Nature Safari Co. LtD. បានបង្ហាញពីឆន្ទៈក្នុងការថែរក្សាសម្បត្តិធម្មជាតិ ហើយលោកបានបន្ថែមថា នៅពេលនេះយើងនៅមានពេលវេលាក្នុងការថែរក្សាការពារព្រៃធម្មជាតិ សត្វព្រៃ ដូច្នេះយើងត្រូវរួមសហការគ្នាដើម្បីជំរុញឱ្យព្រៃឈើនិងសត្វព្រៃនានា បន្តមានវត្តមានបន្តទៀត។ លោកនឹងនាំយកបច្ចេកវិទ្យាទំនើបរបស់ជប៉ុនមកជម្រុញការអភិរក្ស និងអភិវឌ្ឍន៍តំបន់ឧទ្យាននេះ ឱ្យត្រូវកម្រិតស្តង់ដាល្អ និងធំបំផុតមិនធ្លាប់មានពីមុនមកនៅកម្ពុជា ហើយកន្លងមកក្រុមហ៊ុនបានសហការបង្កើតសួនសត្វប្រភេទនេះនៅបណ្តាប្រទសជាច្រើន ពិសេសនៅទ្វីបអាហ្រ្វីករួចហើយដែរ។

ទន្ទឹមគ្នានោះដែរ ក្រុមការងារឧទ្យានឫស្សីត្រឹបដឹកនាំដោយឯកឧត្តម សូត្រ សំណាង បានបង្ហាញពីភាពជឿជាក់លើលទ្ធភាពនិងឆន្ទៈរបស់ក្រុមហ៊ុនជប៉ុន B.M. Nature Safari Co. LtD. ដែលមានបទពិសោធន៍ក្នុងការបង្កើតសួនសត្វសាហ្វារីជាង១០០ប្រទេសមកហើយ ពិសេសនៅតំបន់អាហ្រ្វិក ហើយអ្នកដែលទទួលផលច្រើនពីការអភិរក្សសត្វព្រៃទាំងនេះ គឺប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅខេត្តព្រះវិហារ។ ឯកឧត្តម សូត្រ សំណាង ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមឈប់បរបាញ់សត្វ កាប់ព្រៃនិងដុតព្រៃរានយកដី តែងាកមកជួយការពារនិងថែរក្សាព្រៃវិញ នោះពួកគាត់នឹងទទួលបានផលពីការអភិរក្សយូរអង្វែងតកូនតចៅ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation