ព័ត៌មានអន្តរជាតិ

ចិនប្រកាសថាចង់បាន «សាមគ្គីភាព» ជាមួយរដ្ឋបាលរបស់លោក បៃដិន 

image

ប៉េកាំង៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសចិនបាននិយាយថា «សាមគ្គីភាព» គឺត្រូវការជាចាំបាច់នៅក្នុងទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីការឡើងកាន់តំណែងរបស់ប្រធានាធិបតីអាមេរិកថ្មីលោក ចូ បៃដិន (Joe Biden) ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ជុនយីន (Hua Chunyin) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងទីក្រុងប៉េកាំងថា «ខ្ញុំកត់សម្គាល់ឃើញថាលោក បៃដិន បានលើកឡើងជាច្រើនដងអំពីពាក្យថា សាមគ្គីភាព នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅថ្ងៃចូលកាន់តំណែងហើយខ្ញុំគិតថានេះគឺជាអ្វីដែលត្រូវការជាចាំបាច់នៅក្នុងទំនាក់ទំនងរវាងអាមេរិកនិងចិន។»

ក្នុងអំឡុងពេលថ្លែងសុន្ទរកថានោះ, លោក បៃដិន បានអង្វរករឲ្យពលរដ្ឋអាមេរិកមានសាមគ្គីភាពដោយនិយាយថាដើម្បីយកឈ្នះបញ្ហាដែលអាមេរិកកំពុងប្រឈមមុខគឺទាមទារឲ្យវិល ទៅរកការស្រឡាញ់រាប់អានគ្នាដូចមុន។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិកនិងចិនកាន់តែយ៉ាប់យ៉ឺនទៅក្នុងអំឡុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។ លោក បៃដិន ត្រូវបានគេរំពឹងថានឹងបន្តរក្សាការដាក់សម្ពាធទៅលើចិន ប៉ុន្តែក្នុងវិធីសាស្ត្របែបពហុភាគី៕

ប្រែសម្រួល៖ នីតា


ព័ត៌មានទាក់ទង...