ព័ត៌មានជាតិ

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅកូឡុំប៊ីកើនលើស៥ម៉ឺននាក់ និងករណីឆ្លងកើនជិត២លាននាក់

image

បូហ្គោតា៖ ក្រសួងសុខាភិបាលកូឡុំប៊ីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩នៅក្នុងប្រទេសកូឡុំប៊ីបានកើនលើស៥ម៉ឺននាក់ហើយ ខណៈដែលចំនួនអ្នកឆ្លងសរុបឡើងជិតដល់២លាននាក់។

ប្រទេសកូឡុំប៊ីកំពុងដោះស្រាយបញ្ហារលកទី២នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដោយករណីឆ្លងថ្មីប្រចាំថ្ងៃកើនឡើងច្រើនបំផុតមិនធ្លាប់មានដល់ជាង២ម៉ឺននាក់កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយអត្រាអ្នកជំងឺនៅក្នុងបន្ទប់ ICU កើនលើស៩០%នៅក្នុងទីក្រុងធំៗចំនួន៣។

រដ្ឋាភិបាលកូឡុំប៊ីបានចុះកិច្ចព្រមព្រៀងដើម្បីទិញវ៉ាក់សាំងសម្រាប់ពលរដ្ឋចំនួន២៩លាននាក់ដែលក្នុងនោះមានវ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថ ហ្វាយហ្ស័រ និង បាយអូអិនថិច (Pfizer-BioNTech) ចំនួន១០លានដូស និងរបស់ក្រុមហ៊ុន អាស្ត្រាហ្សេណេកា (AstraZeneca) ចំនួន១០លានដូស ព្រមទាំង៩លានដូសទៀតពីក្រុមហ៊ុន ចនសុន អេន ចនសុន (Johnson & Johnson) ។

មិនតែប៉ុណ្ណោះប្រទេសកូឡុំប៊ីក៏នឹងទទួលបានវ៉ាក់សាំងចំនួន២០លានដូសតាមរយៈកម្មវិធី កូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោកផងដែរ។

កូឡុំប៊ីរំពឹងថានឹងទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុន ហ្វាយហ្ស័រ (Pfizer) នៅសប្តាហ៍ទី១នៃខែកុម្ភៈ ប៉ុន្តែរដ្ឋាភិបាលមិនបានកំណត់កាលបរិច្ឆេទក្នុងការចែកចាយវ៉ាក់សាំងនៅក្នុងប្រទេសនោះទេ៕

ប្រែសម្រួល៖ នីតា

ព័ត៌មានទាក់ទង...