ព័ត៌មានជាតិ

កសិករនៅជើងភ្នំគូលែន កំពុងប្រែក្លាយចម្ការតាង៉ែន ផ្សារភ្ជាប់ជាមួយវិស័យទេសចរណ៍

image

អត្ថបទ៖ ជា ស្រស់

សៀមរាប៖ បន្ទាប់ពីទទួលទិន្នផលពីដំណាំតាង៉ែនរបស់ខ្លួនអស់ពេលបីឆ្នាំកន្លងមកនោះ អ្នកស្រី ឌួង សំណាង ដែលជាកសិករនៅភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងកែប្រែផ្ទៃដីចម្ការប្រមាណជា ១០ហិកតារបស់អ្នកស្រី ឲ្យក្លាយជាកន្លែងសម្រាកលំហែ ដែលគេនិយាយថា ការផ្សាភ្ជាប់កសិកម្មជាមួយនឹងទេសចរណ៍។

អ្នកស្រី ឌួង សំណាង ជាម្ចាស់ចម្ការតាង៉ែន នៅជើងភ្នំគូលេន បានឲ្យដឹងថា ដើមតាង៉ែននេះ អ្នកស្រីបានដាំឡើងក្នុងរយៈពេល៧ឆ្នាំ ហើយក៏បានទទួលបានផលរយៈពេល៣ឆ្នាំមកហើយដែរ។  អ្នកស្រីបានសម្ដែងការសប្បាយចិត្ដក្រោយពេលទទួលបានចំណូលថវិកាប្រចាំថ្ងៃ បើទោះបីមានបញ្ហាជំងឺកូវីដ-១៩ក៏ដោយ។

អ្នកស្រីបន្ថែមថា ការប្រមូលផលតាង៉ែននេះ មានរយៈពេល១ខែ។ ក្រៅពីផ្តល់ចំណូលជួយដល់ជីវភាពគ្រួសារបស់អ្នកស្រី ចម្ការនេះក៏បានផ្តល់ការងារដល់អ្នកភូមិបានមួយផ្នែកដែរ។ 

បើតាមអ្នកស្រី ឌួង សំណា បានលើកឡើងថា អ្នកស្រីបានដាំដើមតាង៉ែន ៤៥០ដើមនៅលើផ្ទៃដី៣ហិកតា ដែលមកដល់នេះ បាននិងកំពុងទទួលផលគួរឲ្យគាប់ចិត្ដ។ ​

«មូលហេតុនាំឲ្យខ្ញុំសម្រេចចិត្ដដាំដើមតាង៉ែននៅជើងភ្នំគូលែននេះ ដោយសារដីតំបន់នោះមានជីវជាតិ និងគុណភាពដីល្អ  ងាយស្រួលដាំដំណាំហូបផ្លែ ហើយទទួលបានផលល្អដែរ»។ នេះជាសម្ដីថ្លែងបញ្ជាក់របស់ អ្នកស្រី ឌួង សំណា ប្រាប់CNC។

ដោយមើលឃើញពីផលដែលទទួលបាន អ្នកស្រី ឌួង សុភាព ក៏បានរៀបចំដីដែលនៅសេសសល់ដើម្បីដាំទុរេន ដាំខ្នុរ ដើមគូលែន និងដំណាំហូបផ្លែមួយចំនួនទៀត ក្នុងបំណងកែប្រែដីចម្ការអ្នកស្រីឲ្យក្លាយជាតំបន់សម្រាកលំហែ ផ្សារភ្ជាប់ជាមួយដំណាំផ្លែឈើធម្មជាតិគ្រប់រដូវកាល។

កាលពីពេលថ្មីៗនេះ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បន្ទាប់ពីបានធ្វើដំណើរទៅកាន់ចម្ការតាង៉ែន របស់អ្នកស្រី ឌួង សុភាព បានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោកថា «ខ្ញុំពិតជាចង់ឃើញបងប្អូនប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រី និងអ្នកវិនិយោគ នាំគ្នាដាំដំណាំហូបផ្លែឲ្យបានច្រើន ជាពិសេសប្រភេទដែលលក់បានថ្លៃ មានភាពទាក់ទាញ និងមានទីផ្សារទូលំទូលាយសម្រាប់វិស័យទេសចរណ៍ ហើយរៀបចំចម្ការនិងកសិដ្ឋានរបស់ខ្លួនឲ្យទៅជារមណីយដ្ឋានសម្រាប់មកលេងកម្សាន្តផង។ បើធ្វើបែបនេះបាន ខ្ញុំជឿថាយើងនឹងអាចជំរុញឲ្យអ្នកទេសចរមកលេងស្រុករបស់យើងកាន់តែច្រើន ព្រមទាំងអាចនាំចេញនៅនឹងកន្លែងនូវកសិផលទាំងនេះទៅផ្គត់ផ្គង់ដល់ក្នុងក្រុងសៀមរាបទៀតផង។ 

អភិបាលស្រុកបន្ទាយស្រី បានគូសបញ្ជាក់ថា រដ្ឋបាលស្រុកត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញទីផ្សារ និងផ្តល់ការគាំទ្រគ្រប់រូបភាព ធ្វើយ៉ាងណាដើម្បីឲ្យបន្ទាយស្រី សម្រេចបាននូវចក្ខុវិស័យជា«ដែនដីកសិទេសចរណ៍»ដ៏គួរឲ្យទាក់ទាញមួយនៅក្នុងពេលអនាគត៕

ព័ត៌មានទាក់ទង...