កីឡា

សមាគមក្រសួងមហាផ្ទៃ ឈ្នះមេដាយមាសច្រើនជាងគេឈរកំពូលតារាង ប្រដាល់សាកលជើងឯកថ្នាក់ជាតិ

image

ភ្នំពេញ៖ ឆ្លងកាត់ការប្រកួតរយៈពេល៤ថ្ងៃ នៃការប្រកួតកីឡាប្រដាល់សាកលជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ សមាគមកីឡាក្រសួងមហាផ្ទៃ ឈរលើកំពូលតារាងប្រកួតដោយដណ្តើមមេដាយមាសច្រើនជាងគេ រហូតដល់ទៅ៤គ្រឿង។

លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា បានថ្លែងនាថ្ងៃបិទបញ្ចប់ ការប្រកួតកាលពីថ្ងៃទី២១មករាឆ្នាំ២០២១ថា  កីឡាករ កីឡាការិនី ដែលជាជ័យលាភី ក្នុងការប្រកួតជើងឯក ថ្នាក់ជាតិ ប្រចំាឆ្នាំនេះ សុទ្ធតែជាបេក្ខភាព ដែលត្រូវជ្រើសរើសប្រមូលផ្តុំជាកីឡាករ កីឡាការិនីជម្រើសជាតិ ដើម្បីហ្វឹកហាត់ត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២១។ 

ជាមួយគ្នានោះ លោកប្រធានសហព័ន្ធក៏បានស្នើឱ្យប្រតិភូ គ្រូបង្វឹក មកពីបណ្តាក្លិបរាជធានី-ខេត្ត និងសមាគមកីឡារបស់ក្រសួងទាំងអស់សូមជំរុញ និងពង្រឹងការបណ្តុះបណ្តាលដល់កីឡករ កីឡារិនីប្រដាល់សាកលឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីកិច្ចសហការគ្នា ខិតខំពុះពារធ្វើអ្វីៗទាំងអស់ឱ្យអស់ពីលទ្ធភាព ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

បញ្ជាក់ដែរថា ក្រសួងមហាផ្ទៃបានឈរនៅលំដាប់កំពូលតារាង គឺមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធចំនួន២គ្រឿង។ ក្រសួងការពារជាតិឈរនៅលំដាប់លេខ២ មេដាយមាសចំនួន២គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ១គ្រឿង។ ខេត្តកណ្ដាលបានមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង។ 

ចំពោះប្រាក់តម្លៃខ្លួនសម្រាប់ការប្រកួតជើងជាតិឆ្នាំ២០២០ទទួលបានលើសជាងឆ្នាំមុន ដោយមេដាយមាសកើនបាន ៥០០.០០០រៀល មេដាយប្រាក់បាន៤០០.០០០រៀល និងមេដាយសំរឹទ្ធនៅរក្សា ២០០.០០០រៀលដដែល៕

ព័ត៌មានទាក់ទង...