កីឡា

កីឡាទ្រីយ៉ាត្លុង និងជួយស្រូបទាញភ្ញៀវទេសចរ តាមរយៈព្រឹត្តិការណ៍ប្រកួតនានា មកកាន់ខេត្តកែប

image

អត្ថបទ៖ ង៉ុង សាន់  

កែប៖ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡា ទ្រីយ៉ាត្លុង ក៏ដូចជាព្រឹត្តិការណ៍កីឡាផ្សេងៗទៀត បានចូលរួមយ៉ាងសំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកលេងកម្សាន្តនៅខេត្តកែប ដែលនេះបានចូលរួមក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យអត្រាភាពក្រីក្ររបស់ប្រជាជនក្នុងខេត្តនេះធ្លាក់ចុះពី១៦% មកនៅត្រឹមជាង៣%ប៉ុណ្ណោះ។ 

ក្នុងនោះលោកក៏បានសំណូមពរឲ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាផ្សេងៗទៀត ឲ្យបានញឹកញាប់ក្នុងទឹកដីខេត្តកែប។

លោកថ្លែងបែបនេះនៅក្នុង ពិធីប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នៅខេត្តកែប ដើម្បីជ្រើសរើសកីឡាករ កីឡាការនី ដែលមានសមត្ថភាពសម្រាប់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម និងសម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ ដោយការប្រកួតនេះធ្វើឡើងនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅឆ្នេរសមុទ្រស្រីស ដោយពិធីនេះត្រូវបានសហការរៀបចំដោយសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាជាមួយរដ្ឋបាលខេត្តកែប។ 

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានយល់ឃើញដូចគ្នាដែរថា ទ្រីយ៉ាត្លុង គឺជាកីឡាតំបន់ឆ្នេរសមុទ្រ ហើយឆ្នេរសមុទ្រខេត្តកែប ពិតជាសាកសមក្នុងការរៀបចំធ្វើព្រឹត្តិការណ៍នេះ តាមរយៈការរៀបចំការប្រកួតនានានៅខេត្តកែប របស់ទ្រីយ៉ាត្លុងកម្ពុជា ពិតជាបានទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកកម្សាន្តក្នុងខេត្តនេះ តួយ៉ាងដូចជាព្រឹត្តិការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នេះជាដើម។ 

លោកបន្តថា ដោយសារបញ្ហាកូវីដ យើងមិនអាចធ្វើព្រឹត្តិការណ៍នេះឲ្យធំបាន ដូចនេះនៅឆ្នាំ២០២៣ លោកសង្ឃឹមថាកូវីដនឹងចប់ ហើយព្រឹត្តិការណ៍ការប្រកួត Sea Game ដែលខេត្តកែបទទួលធ្វើជាម្ចាស់ផ្ទះលើវិញ្ញាសារទ្រីយ៉ាត្លុងនេះ ប្រាកដណាស់នឹងមានមនុស្សជាច្រើនចូលរួមទាំងជាតិ និងអន្តរជាតិ។ 

គួបញ្ជាក់ថា ឆ្លងកាត់ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០នៅខេត្តកែបនេះ សហព័ន្ធបានរកឃើញកីឡាករ កីឡាការិនី សរុបចំនួន១៥នាក់ មកពី១២ ក្លឹប-សមាគម ដើម្បីហ្វឹកហាត់បំប៉នត្រៀម Sea Game ២០២១នេះ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ៕

ព័ត៌មានទាក់ទង...