ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  ជំរុញឱ្យកងកម្លាំងនៃបញ្ជការដ្ឋានអង្គរក្ស បន្តពង្រឹងភារកិច្ចស្នូលក្នុងការការពារសន្តិសុខ និងភាពសុខសាន្តរបស់ប្រជាជន

image

កំពង់ស្ពឺ៖  ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  ជំរុញឱ្យកងកម្លាំងនៃបញ្ជការដ្ឋានអង្គរក្ស បន្តពង្រឹងភារកិច្ចស្នូលក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា និងបន្តកិច្ចការពារបូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងភាពសុខសាន្តរបស់ប្រជាជន។

ការជំរុញនេះ បានធ្វើឡើងក្នុងឱកាសដែលឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៥, បើកវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជការដ្ឋានអង្គរក្ស (ភ្នំស្រង់) ខេត្តកំពង់ស្ពឺ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ។ 

ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត បានកោតសរសើរនាយឧត្តមសេនីយ៍កិតិ្តព្រឹទ្ធបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំប្រឹងប្រែងដោះស្រាយច្នៃប្រឌិតជម្នះការលំបាកក្នុងការកសាង និងអភិវឌ្ឍ ប្រែមុខមាត់មជ្ឈមណ្ឌលបញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់) ពីទីតាំងមួយដែលសំបូរទៅដោយកាកសំណល់ជាតិផ្ទុះបន្សល់ទុកដោយសារសង្គ្រាម ឱ្យក្លាយទៅជាមូលដ្ឋានហ្វឹកហ្វឺនមួយដ៏សំខាន់ដោយមានសំណង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាជាច្រើនដូចសព្វថ្ងៃនេះ សម្រាប់បំរើឱ្យការកសាងធនធានមនុស្សក្នុងកិច្ចការពារជាតិ។ 

ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានអង្គរក្ស, គណៈគ្រប់គ្រងវគ្គ, ក្រុមយោធាចារ្យ និងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់អនុវត្តការងារហ្វឹកហ្វឺនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានសហការយ៉ាងល្អ រហូតសម្រេចបានលទ្ធផលការងារតាមផែនការកំណត់។ 

ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការបន្តអនុវត្តផែនការកែទម្រង់របស់ខ្លួន ហើយក្នុងន័យនេះ ការងារហ្វឹកហ្វឺន គឺជាកិច្ចការអាទិភាព ដែលត្រូវដំណើរការដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។ ក្នុងនោះ កម្លាំងដែលមានស្រាប់ និងកម្លាំងបំពេញបន្ថែម ត្រូវទទួលបាននូវការហ្វឹកហ្វឺនពង្រឹងសមត្ថភាពឱ្យបានជាប់ជាប្រចាំ ហើយចាំបាច់ទាមទារឱ្យការហ្វឹកហ្វឺនទាំងអស់ ត្រូវផ្តោតលើគុណភាពនៃបរិមាណ និងការផ្ទេរបទពិសោធន៍”។ 

ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត ចាត់ទុកវគ្គហ្វឹកហ្វឺនទាំងនេះ បានឆ្លើយតបចំពោះសេចក្តីត្រូវការក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃសមត្ថភាពក្នុងការបំពេញភារកិច្ចក្នុងពេលចំពោះមុខ និងរយៈពេលវែងរបស់កងយោធពលខេមរភូមិន្ទ គឺការការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ជាពិសេសការបំពេញភារកិច្ចស្នូលរបស់អង្គភាព ក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា។ 

ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ រហូតទទួលបានជោគជ័យ ហើយលោក សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើទទួលបានពីវគ្គហ្វឹកហ្វឺនទាំងនេះ សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន ក៏ដូចជាសម្រាប់ការកសាង និងអភិវឌ្ឍខ្លួនឯងឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នុងពេលចំពោះមុខ និងតទៅអនាគត៕