ព័ត៌មានជាតិ

ប្រធានអង្គការជួយកុមារមួយនៅខេត្តកំពង់ស្ពឺ អំពាវនាវឱ្យជួយទិញទឹកសុទ្ធដែលផលិតឡើងដោយកុមារកំព្រា ដើម្បីជួយពួកគេឱ្យទទួលបានការសិក្សា

image

កំពង់ស្ពឺ៖ ការទិញទឹកសុទ្ធម៉ាក (វី វី) មួយដបរបស់អតិថិជន ដូចជួយកុមារកំព្រាម្នាក់ឱ្យមានការហូបចុក និងជួយទិញសម្ភាររៀនសូត្រដល់កុមារកំព្រា។ នេះជាការអំពាវនាវដោយ លោក មឿន ចម្រើន ប្រធានអង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រាក្នុងភូមិដីអំបិល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលទឹកសុទ្ធនោះម៉ាក (វី វី) ផលិតឡើងដោយក្រុមកុមារកំព្រានៃមណ្ឌលនេះ។ 

លោក មឿន ចម្រើន បានឱ្យដឹងថា ការផលិតទឹកសុទ្ធលក់ទៅកាន់ទីផ្សារនានាក្នុងស្រុកភ្នំស្រួចនោះ គឺដើម្បីរកប្រាក់ចំណូលបន្ថែម ក្រៅពីជំនួយសប្បុរសជន សម្រាប់ការផ្គត់ផ្គង់កុមារតូចៗ និងក្រុមយុវជន កំពុងរស់នៅ ហូបចុក និងបីបាច់របស់មណ្ឌលប្រមាណជា ៧៣នាក់ ជាកុមារកំព្រា និងខ្លះទៀតមានឪពុក អត់ម្ដាយ ខ្លះមានម្ដាយដែរ តែមិនមានលទ្ធភាពចិញ្ចឹមកូនៗ។ ពួកគាត់ទាំងអស់នៅក្នុងមណ្ឌល ដែលបានប្រមូលមកតាមរយៈអាជ្ញាធរ ភូមិ ឃុំ ស្រុក មកពីតាមបណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជា។

ប្រធានមណ្ឌលកុមារកំព្រារូបនេះ បានបញ្ជាក់ឱ្យដឹងដែរថា បច្ចុប្បន្ន ក្រៅពីការងារផលិតទឹកសុទ្ធ មណ្ឌល ក៏បានរៀបចំបង្កើតឱ្យមានក្រុមភ្លេង និងក្រុមរបាំដែលសម្តែងដោយក្មេងកំព្រាផងដែរ ដែលការបង្កើតនេះ ធ្វើឡើងទៅតាមទេពកោសល្យ និងដុងធម្មជាតិរបស់ក្មេងៗក្រោមការបង្ហាត់បង្ហាញដោយគ្រូបង្គោលរបស់អង្គការ។ កន្លងមកក្រុមភ្លេង និងក្រុមរបាំដែលសម្តែងដោយក្មេងកំព្រា ក៏មានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋហៅ ឬជួលទៅសម្តែងក្នុងកម្មវិធីផ្សេងៗជាបន្តបន្ទាប់។ ចំណែកប្រាក់ចំណូលដែលបានមក អាចបន្ថែមទៅលើការជួយឧបត្ថម្ភពីសំណាក់សប្បុរសជនក្នុង និងក្រៅប្រទេស ធ្វើឱ្យការរស់នៅ ហូបចុក និងសម្ភារសិក្សារបស់ក្មេងៗមិនមានជួបនូវបញ្ហានោះទេ រួមនឹងការព្យាបាលជំងឺផ្សេងៗផងដែរ។ 

ប៉ុន្តែក្រោយជួបវិបត្តិសកលជំងឺកូវីដ-១៩ មណ្ឌលរបស់អង្គការបណ្តុះបណ្តាល និងថែរក្សាក្មេងកំព្រា ហាក់ជួបការពិបាកមួយចំនួនលើការរស់នៅ ការហូបចុក និងការរៀនសូត្ររបស់ក្មេងៗទាំងអស់ក្នុងមណ្ឌល។ ចំពោះសិប្បកម្មផលិតទឹកសុទ្ធដែលធ្វើដោយដៃក្មេងៗដែលធ្លាប់លក់បានក្នុងមួយថ្ងៃពី ៥០០យួរ ទៅ១០០០យួរនោះ បានធ្លាក់មកនៅត្រឹមតែ ២០០យួរ ទៅ៣០០យួរ។ ក្រុមភ្លេង និងក្រុមរបាំដែលសម្តែងដោយក្មេងកំព្រាធ្លាប់តែបានចេញទៅសម្តែងនៅស្ទើរគ្រប់កម្មវិធី ប្រែជាមិនមានអ្នកហៅ ឬជួល។

ដោយសារបញ្ហានៃការរីករាលជំងឺកូវីដ-១៩នេះហើយ ទើបធ្វើឱ្យការលក់ទឹកសុទ្ធមានការធ្លាក់ចុះ  និងក្រុមភ្លេងរបស់ពួកកុមារ ក៏មិនបានចេញទៅសម្តែងធ្វើឱ្យមានការប៉ះពាល់ខ្លះដល់ការរស់នៅ ហូបចុក និងរៀនសូត្ររបស់ក្មេងៗកំព្រាទាំងនោះ។ ដូច្នេះដើម្បីជួយសម្រួលដល់ការរស់នៅ សូមអតិថិជនជួយគាំទ្រទឹកសុទ្ធ និងក្រុមសម្តែងរបស់ក្រុមក្មេងកំព្រាក្នុងមណ្ឌលនេះផង។ ការជួយទិញទឹកមួយដប និងជួលក្រុមសម្តែងនៃក្រុមក្មេងកំព្រា ដូចជួយក្មេងទាំងអស់ក្នុងមណ្ឌលនៃអង្គការបណ្តុះបណ្តាល និងថែរក្សាក្មេងកំព្រាក្បែរជើងភ្នំគីរីរម្យមួយនេះ។ នេះជាការអំពាវនាវដោយប្រធានមណ្ឌល លោល មឿន ចម្រើន។

សូមបញ្ជាក់ថា ក្រៅពីការផលិតទឹកសុទ្ធម៉ាក(វី វី) ដោយក្រុមកុមារកំព្រានៃមណ្ឌលនេះ ប្រធានមណ្ឌល លោល មឿន ចម្រើន ក៏បានឱ្យដឹងដែរថា ដើម្បីបំពេញតម្រូវការនៃការហូបចុក មណ្ឌលក៏បានបង្កើនការចិញ្ចឹមសត្វមាន់ ទា ត្រី និងដាំដុះដំណាំរួមផ្សំផ្សេងៗផងដែរ៕

ដោយ៖ ប៊ុត សារុន

ព័ត៌មានទាក់ទង...