ព័ត៌មានអន្តរជាតិ

ករណីឆ្លងជំងឺកូវីដ១៩នៅឥណ្ឌូណេស៊ីកើនលើស១លាននាក់ហើយ

image


ហ្សាការតា៖ កាលពីថ្ងៃអង្គារប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍ថាចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបបានកើនលើស១លាននាក់ ខណៈដែលគេបានខិតខំទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះចាប់តាំងពីរកឃើញករណីឆ្លងដំបូងកាលពីខែមីនាឆ្នាំមុន។

យោងតាមទិន្នន័យផ្លូវការ ប្រទេសដែលមានពលរដ្ឋរស់នៅច្រើនបំផុតលំដាប់ទី៤នៅលើពិភពលោកនេះមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១,០១២,៣៥០នាក់ និងមានអ្នកបាត់បង់ជីវិតសរុប២៨,៤៦៨នាក់។ តួលេខនេះគឺខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែក្រុមអ្នកជំនាញផ្នែកសុខាភិបាលជឿថាការឆ្លងរាលដាលពិតប្រាកដអាចច្រើនជាងនេះ៣ដង។

ខេត្តជ្វាខាងលិចមានអត្រាឆ្លងខ្ពស់ជាងគេនៅទូទាំងប្រទេសឥណ្ឌូណេស៊ី ដោយប្រធានមន្ទីរពេទ្យមួយកន្លែងបាននិយាយថាគេទទួលបានអ្នកជំងឺថ្មីជាមធ្យមចំនួន៩៥នាក់ក្នុងមួយថ្ងៃ និងថាស្ថានភាពនេះគឺស្ថិតក្នុងកម្រិតគ្រោះថ្នាក់រួចទៅហើយ។

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទ្រង់ទ្រាយធំនិងរឹតត្បិតលើការដើរហើរកាលពីដើមខែនេះស្របពេលដែលមន្ទីរពេទ្យជាច្រើនកំពុងរងសម្ពាធ ហើយមានការរាយការណ៍ថាមន្ទីរពេទ្យមិនទទួលអ្នកជំងឺកូវីដ១៩ដោយសារបញ្ហាខ្វះគ្រែនិងម៉ាស៊ីនជំនួយដកដង្ហើម។

គួរបញ្ជាក់ថាបច្ចុប្បន្នចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅទូទាំងពិភពលោកមានជាង៩៩.៥៤លាននាក់និងមានអ្នកបាត់បង់ជីវិតជាង២.‌១លាននាក់៕

ប្រែសម្រួល៖ នីតា