ព័ត៌មានជាតិ

សមត្ថកិច្ច ចាប់ខ្លួននាយកគ្រប់គ្រងក្រុមហ៊ុនមួយ បញ្ជូនទៅតុលាការ រឿងស៊ីដាច់លុយជនជាតិចិន ៧៦ម៉ឺនដុល្លារ

image

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាប់ខ្លួននិងបញ្ជូននាយកគ្រប់គ្រងក្រុមហ៊ុនមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្តឹងរបស់ថៅកែជនជាតិចិនចំនួន ៣នាក់ ក្នុងសំណុំរឿងស៊ីដាច់លុយចំនួន ៧៦ម៉ឺនដុល្លារ ដែលយកទៅរត់ការចូលសញ្ជាតិខ្មែរមិនបានសម្រេច។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឈ្មោះ ស៊ិន ដាវុធ ភេទប្រុស អាយុ៤៦ ឆ្នាំ មានទីលំនៅផ្ទះលេខB១០ ផ្លូវលំ ភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌបឬស្សីកែវ រាជធានីភ្នំពេញ ជានាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន «ហ្គោលវែល»។ 

ក្នុងពាក្យបណ្តឹង បានឱ្យដឹងថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៩ ថៅកែជនជាតិចិនម្នាក់ជានាយកក្រុមហ៊ុន បានពឹងពាក់ឱ្យ ឈ្មោះ ស៊ិន ដាវុធ ដែលជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ហ្គោលវែល ឱ្យជួយរត់ការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរ ចំពោះជនជាតិចិន ៣នាក់ ក្នុងនោះប្រុសចំនួន ២នាក់ និងស្ត្រីម្នាក់ ជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននោះ។ បន្ទាប់មក ឈ្មោះ ស៊ីន ដាវុធ បានតម្រូវឱ្យថៅកែជនជាតិចិន ប្រគល់ប្រាក់ចំនួន ៧៦ម៉ឺនដុល្លារ ដើម្បីយកទៅរត់ការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរ ហើយបានសន្យាជាមួយគ្នាថា ក្នុងរយៈពេល៩០ថ្ងៃ ទើបចេញលទ្ធផល។ ពេលនិយាយត្រូវរ៉ូវគ្នាហើយ ថៅកែចិន (នាយកក្រុមហ៊ុន) បានប្រគល់សែកចំនួន  ១០សន្លឹក របស់ធនាគារសហពាណិជ្ជ.ក.អ មានទឹកប្រាក់សុរបចំនួន ៧៦ម៉ឺនដុល្លារ ឱ្យទៅឈ្មោះ ស៊ិន ដាវុធ ដើម្បីធ្វើកិច្ចការងារនោះ។

លុះដល់ថ្ងៃកំណត់ ស្រាប់តែមិនឃើញមានការកោះហៅ ពីស្ថាប័នពាក់ព័ន្ធ ដើម្បីទៅស្បថប្រកាសចូលសញ្ជាតិតាមបែបបទរដ្ឋបាលដែលធ្លាប់ធ្វើកន្លងមកនោះទេ ទើបដើមបណ្តឹងបានទាក់ទងទៅឈ្មោះ ស៊ិន ដាវុធ តែជននោះបានគេចវេស និងមិនបានជួបចរចាគ្នាដូចពេលទទួលយកលុលនោះទេ ថែមទាំងព្យាយាមគេខ្លួនទៀតផង។ 

លុះដល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២០ នាយកក្រុមហ៊ុន បានតាមរកឃើញ ឈ្មោះ ស៊ិន ដាវុធ ហើយពេលនោះឈ្មោះ ស៊ិន ដាវុធ បាននិយាយថា ខ្លួនមិនបានយកប្រាក់នោះទៅរត់ការចូលសញ្ជាតិខ្មែរទេ គឺយកទៅប្រើប្រាស់ការងារផ្ទាល់ខ្លួន តែឈ្មោះ ស៊ិន ដាវុធ បានសន្យាថា នឹងសងប្រាក់នោះទាំងអស់វិញ ហើយរហូតមកដល់ថ្ងៃចាប់ខ្លួន។

សូមបញ្ជាក់ថា ក្នុងដំណុំរឿងនោះ ថៅកែជនជាតិចិន បានពឹងពាក់មេធាវីការពារក្តីដោយអាណត្តិគឺ លោក លី តៃសេង ដើម្បីប្តឹងជនសង្ស័យឈ្មោះ ស៊ិន ដាវុធ នាយកគ្រប់គ្រងក្រុមហ៊ុននោះតាមផ្លូវច្បាប់។ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យនាំយកទៅសាកសួរ តែជនសង្ស័យនៅមិនព្រមសងប្រាក់ទៅដើមបណ្តឹង ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង៕

ព័ត៌មានទាក់ទង...