ព័ត៌មានជាតិ

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចុះសួរសុក្ខទុក្ខដ៏ភ្ញាក់ផ្អើលមួយចំពោះអ្នកជំងឺ និងចាស់ៗ ២០នាក់ នាមន្ទីរសម្រាកព្យាបាលបាត់ដឹង

image

កំពង់ស្ពឺ៖ អ្នកជំងឺ និងគ្រួសារថែទាំអ្នកជំងឺ រំភើបចិត្ដស្ទើរស្រក់ទឹកភ្នែក នឹកស្មានមិនដល់ថា ក្នុងគ្រាលំបាកខ្វះខាត មានវត្ដមាន របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអ្នកម្តាយមនុស្សធម៌  បានអញ្ជើញចុះមកសួរសុខទុក្ខដោយផ្ទាល់ និងឧបត្ថម្ភថវិកាសម្រាលទុក្ខលំបាក ដោយមិនបានដឹងខ្លួនជាមុនសោះ។

បើយោងតាមខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឱ្យដឹងថា វត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នេះ គឺនៅក្នុងឱកាសដំណើរត្រឡប់មកពីវត្តហរិរក្សរាជិនី (ហៅវត្តវាំងចាស់) ដែលស្ថិតនៅស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ ហើយសម្តេច បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ជាមួយអ្នកជំងឺ និងចាស់ៗចំនួន ២០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលបាត់ដឹង កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១នេះ។

ការអញ្ជើញចុះមកដោយផ្ទាល់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយសម្លៀកបំពាក់ដ៏សាមញ្ញា កាយវិកាយយ៉ាងទន់ភ្លន់ លើកដៃសំពះ លោកតា លោកយាយ និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរសម្រាកព្យាបាលបាត់ដឹង ខេត្តកំពង់ស្ពឺនេះ បានធ្វើឱ្យប្រជាពលរដ្ឋភ្ញាក់ផ្អើល ស្ងើចសរសើរ និងរំភើបចិត្ដយ៉ាងខ្លាំង ដោយស្មានមិនត្រូវ ថាជាអ្នកណា ព្រោះនេះជាលើកដំបូង ដែលបានជួបដោយផ្ទាល់បែបនេះ។

នេះមិនមែនជាលើកទីមួយនោះទេ ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែចុះមកសួរសុខទុក្ខ និងសម្រាលការលំបាកដល់អ្នកជំងឺ និងគ្រួសារអ្នកជំងឺ ជាមួយនឹងភាពសាមញ្ញា ធម្មតា គ្មានការប្រារព្ធកម្មវិធីអ្វីនោះឡើយ។

កាយវិកាយ និងទឹកចិត្ដសប្បុសធម៌នេះ ក៏ដូចជាកន្លងមកនេះហើយ ដែលជាដើមចម ត្រូវបានប្រជាពលរដ្ឋខ្មែរ និងមេដឹកនាំពិភពលោកផងដែរ ធ្វើការវាយតម្លៃខ្ពស់ថា ជាកុលធីតាកម្ពុជាមួយរូប ដែលបានពលីអស់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុមនុស្សធម៌ និងជានិមិត្តរូបដ៏ឧត្តុងឧត្តម នៃការជួយសង្រ្គោះជនរងគ្រោះនៅកម្ពុជាគ្រប់រូប ដោយមិនប្រកាន់និន្នាការ រើសអើងពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ៕