ព័ត៌មានអន្តរជាតិ

កូឡុំប៊ីរឹតបន្តឹងជើងហោះហើរទាំងទៅនិងមកពីប្រេស៊ីលដោយសារព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណាវិវឌ្ឍខ្លួនថ្មី

image

បូហ្គោតា៖ កាលពីថ្ងៃពុធ ប្រធានាធិបតីកូឡុំប៊ីលោក អ៊ីវ៉ាន់ ឌូកិ (Ivan Duque) បានប្រកាសថាកូឡុំប៊ីនឹងរឹតបន្តឹងលើជើងហោះហើរទាំងទៅនិងមកពីប្រទេសប្រេស៊ីលរយៈពេល១ខែដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាដែលកំពុងវិវឌ្ឍខ្លួននៅទីនោះ។

លោក ឌូកិ បានបន្តថាតំបន់ព្រំដែនរវាងប្រេស៊ីលដែលជាប្រទេសធំបំផុតនៅអាមេរិកឡាទីននិងកូឡុំប៊ីក៏ត្រូវបានបង្កើនការត្រួតពិនិត្យផងដែរ ប៉ុន្តែជើងហោះហើរដឹកជញ្ជូនទំនិញនឹងបន្តប្រតិបត្តិការធម្មតា។

កាលពីខែធ្នូប្រទេសកូឡុំប៊ីបានរឹតបន្តឹងលើជើងហោះហើរទាំងទៅនិងមកពីប្រទេសអង់គ្លេសបន្ទាប់ពីវីរុសកូរ៉ូណាប្រភេទថ្មីត្រូវបានគេរកឃើញនៅទីនោះ។

ខណៈដែលប្រទេសនៅជុំវិញពិភពលោកបានផ្អាកជើងហោះហើរមកពីអង់គ្លេស, នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានអនុវត្តការរឹតបន្តឹងលើជើងហោះហើរមកពីបណ្តាប្រទេសនៅតំបន់អាមេរិកខាងត្បូងដោយសារការព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណាដែលវិវឌ្ឍខ្លួននៅក្នុងប្រទេសប្រេស៊ីល។

ទីក្រុង ម៉ាណូស (Manaus) របស់ប្រេស៊ីលដែលមានព្រំដែនជាប់ភាគខាងត្បូងប្រទេសកូឡុំប៊ីបច្ចុប្បន្នកំពុងជួបប្រទះនូវរលកទី២នៃការរាតត្បាតនៃជំងឺកូវីដ១៩ដែលបណ្តាលមកពីវីរុសកូរ៉ូណាវិវឌ្ឍខ្លួនថ្មី។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសកូឡុំប៊ីមានអ្នកឆ្លងជំងឺកូវីដ១៩សរុបជាង២លាននាក់និងមានអ្នកបាត់បង់ជីវិតសរុបចំនួន៥២,៥២៣នាក់៕

ប្រែសម្រួល៖ នីតា