ព័ត៌មានជាតិ

រកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១នាក់ និងមានអ្នកជាសះស្បើយចំនួន ៥នាក់

image

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១នាក់ បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ៥នាក់ ផងដែរ គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលបានបញ្ជាក់ឱ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ១នាក់ ជាពលករធ្វើដំណើរមកពីប្រទេសថៃ ជាស្ត្រីជនជាតិខ្មែរអាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ដោយឡែកករណីជាសះស្បើយចំនួន ៥នាក់ ក្នុងនោះចំនួន ៤នាក់ ជាពលករធ្វើដំណើរមកពីប្រទេសថៃ រស់នៅខេត្តបាត់ដំបងចំនួន ២នាក់(ស្រី)អាយុ ២៣ និង៣៣ឆ្នាំ, ខេត្តបន្ទាយមានជ័យចំនួន ១នាក់(ស្រី)អាយុ ៣១ឆ្នាំ, ខេត្តតាកែវចំនួន ១នាក់(បុរស)អាយុ ៣៥ឆ្នាំ និងចំនួន ១នាក់ ទៀតជាបុរសជនជាតិជប៉ុន អាយុ ២៨ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ បុគ្គលទាំង ៥នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូរីដ-១៩ចំនួន ២លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៧:០០នាទី ថ្ងៃទ៣០ ខែមករា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៦៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤៤៣នាក់ និងអ្នកជំងឺចំនួន ២១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕