ព័ត៌មានជាតិ

ទៀតហើយ! កញ្ឆាស្រស់ជាង៦ពាន់ដើមត្រូវបានដុតបំផ្លាញចោល នៅខេត្តពោធិ៍សាត់

image

ពោធិ៍សាត់៖ កម្លាំងចម្រុះស្រុកភ្នំក្រវាញរួមមាន នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារភូមិចំនួន ១៨នាក់ បានសហការគ្នាចុះបង្រ្កាបករណីលួចដាំរុក្ខជាតិញៀន(កញ្ឆា)ដោយបានបំផ្លាញចោលនូវដើមកញ្ឆាជាវត្ថុតាងជាង ៦.០០០ដើមកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតំបន់ព្រៃភ្នំ ក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

យោងតាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចចុះបង្ក្រាបផ្ទាល់បានឱ្យដឹងថា កម្លាំងបានចុះអនុវត្តបានចំនួន ២ទីតាំង ដែលជនខិលខូចបានលួចដាំដុះ ដោយទីតាំងទី១ មានផ្ទៃដីទទឹងប្រវែង ១៩ម៉ែត្រ គុណនឹងបណ្ដោយប្រវែង ៤០ម៉ែត្រ ស្មើនឹងផ្ទៃក្រឡាសរុបចំនួន ៧៦០ម៉ែត្រការ៉េ ដាំដុះរុក្ខជាតិញៀន(កញ្ឆា)ចំនួន ៣៦៥៥ដើម និងទីតាំងទី២ មានផ្ទៃដីទទឹងប្រវែង ២០ម៉ែត្រ គុណនឹងបណ្ដោយប្រវែង ៣៥ម៉ែត្រ ស្មើនឹងផ្ទៃក្រឡាសរុបប្រមាណ ៧០០ម៉ែត្រការ៉េ និងដាំដុះរុក្ខជាតិញៀន(កញ្ឆា)ចំនួន ២៥៣៤ដើម។ ដូច្នេះ សរុបទាំង២ទីតាំងមាដើមកញ្ឆាចំនួន ៦១៨៩ដើម។

សូមបញ្ជាក់ថា ដំណាំប្រភេទញៀន(កញ្ឆា)ស្រស់ទាំងអស់ចំនួន ៦១៨៩ដើម ត្រូវបានដុតកម្ទេចចោលនឹងកន្លែង ចំណែកជនប្រព្រឹត្តដែលជាម្ចាស់ចម្ការកញ្ឆា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីអនុវត្តតាមច្បាប់៕