ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុបបាននិយាយថា វិបត្តិនៅក្នុងប្រទេសកុងហ្គោនឹងកាន់តែអាក្រក់ឡើងដោយសារតែរដ្ឋាភិបាលមិនចូលរួមក្នុងសន្និសីទស្វែងរកជំនួយ

image

មន្ត្រីជាន់ខ្ពស់ផ្នែកជំនួយរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកុងហ្គោប្រហែលនឹងក្លាយទៅជាប្រទេសមួយដែលមានស្ថានភាពមនុស្សជាតិដ៏អាក្រក់បំផុតនៅក្នុង​ពិភពលោកដោយសារតែរដ្ឋាភិបាលមិនចូលរួមក្នុងសន្និសីទស្វែងរកជំនួយដើម្បីកាត់បន្ថយទុក្ខលំបាកទាំងនោះ។


វិបត្តិជាច្រើនដែលកំពុងកើនឡើងដោយមិនអាចគ្រប់គ្រងបាននៅក្នុងភាគកណ្តាលតំបន់កាសៃ (Kasai) និងនៅក្នុងភាគខាងកើតខេត្តគីវូ (Kivu) និងខេត្តអ៊ីទូរី (Ituri) នោះកាន់តែអាក្រក់ឡើងដោយសារតែការបដិសេធមិនព្រមចុះចេញពីតំណែងរបស់ប្រធានាធិបតីកុងហ្គោលោក ចូសេព្វ កាប៊ីឡា (Joseph Kabila) នៅពេលដែលអាណត្តិរបស់លោកបានបញ្ចប់កាលពីឆ្នាំ២០១៦។


អង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីដើមខែនេះថា ពលរដ្ឋកុងហ្គោជាង១៣លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ ដែលចំនួននេះបានកើនឡើងជាងឆ្នាំមុន២ដង ហើយពលរដ្ឋប្រមាណ៧លាន៧សែននាក់ផ្សេងទៀតកំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។
ទន្ទឹមនឹងនោះ អង្គការសហប្រជាជាតិបានប្រកាសដាក់វិបត្តិនេះទៅក្នុងកម្រិតទី៣ ដែលធ្វើឲ្យប្រទេសកុងហ្គោស្ថិតក្នុងគ្រាអាសន្នកម្រិតខ្ពស់បំផុតនៅលើពិភពលោក។


ការព្រួយបារម្ភចំពោះស្ថានភាពដែលកាន់តែយ៉ាប់យ៉ឺនបែបនេះនៅក្នុងប្រទេសកុងហ្គោបានជំរុញឲ្យអង្គការសហប្រជាជាតិ, សហភាពអឺរ៉ុប និងប្រទេសម្ចាស់ជំនួយផ្សេងទៀតរៀបចំសន្និសីទមួយនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសនាខែក្រោយនេះ។
ពួកគេកំពុងស្វះស្វែងដើម្បីប្រមូលប្រាក់ចំនួន១.៧ពាន់លានដុល្លារអាមេរិកដែលច្រើនជាងចំនួនដែលប្រមូលបានកាលពីឆ្នាំមុនជិត៤ដងដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌នៅក្នុងប្រទេសកុងហ្គោ៕

ព័ត៌មានទាក់ទង...