ព័ត៌មានជាតិ

រដូវប្រាំងទឹកត្រពាំងនៅដែនជម្រកសត្វព្រៃលំផាត់ជាទីដ៏សំខាន់សម្រាប់សត្វព្រៃ និងក៏ជាទីដ៏គ្រោះថ្នាក់សម្រាប់សត្វព្រៃផងដែរ

image

រតនគិរី៖ រដូវប្រាំង បានចូលមកដល់ ទឹកត្រពាំងបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ទឹកដល់សត្វព្រៃ ដោយសារការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍត្រពាំងមួយចំនួននៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ត្រូវបានរាក់ រីងទឹក និងមួយចំនួនត្រូវបានប្តូរទៅជាចម្ការរបស់ក្រុមហ៊ុនដីសម្បទាន។ ត្រពាំងដែលមានសល់ទឹកនោះ ជាកន្លែងដ៏គ្រោះថ្នាក់សម្រាប់សត្វព្រៃផងដែរ ព្រោះវាជាគោលដៅក្នុងការបរបាញ់ ការដាក់អន្ទាក់ និងការបំពុលជាដើម។ នេះបើយោងតាមការឱ្យដឹងពីអង្គការជីវិតសត្វស្លាបកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ 

អង្គការអភិរក្សសត្វស្លាបនៅក្នុងប្រទេសកម្ពុជាមួយនេះ បានឱ្យដឹងថា ជាក់ស្តែងបានរកឃើញករណីបំពុលមួយនាត្រពាំងអៀវនៃដែនជម្រកសត្វព្រៃលំផាត់ក្នុងខែមករាកន្លងទៅ ដោយជនល្មើសបានលាយថ្នាំពុលកសិកម្មជាមួយនឹងត្រី ហើយដាក់ក្នុងត្រពាំង (បានប្រមូលនុយដុតបំផ្លាញចោល) នៅជុំវិញនុយបំពុលបានរកឃើងរោមសត្វស្លាបជាច្រើនដែលជនល្មើសបន្សល់ទុក។ ជនល្មើសប្រហែលយកសត្វដែលបំពុលបានទៅលក់សម្រាប់អ្នកចូលចិត្តបរិភោគសាច់សត្វព្រៃ។ ដើម្បីឆ្លើយតបនិងកត្តាគំរាមកំហែងនោះ បានបង្កើនការតាមដានតាមត្រពាំងដើម្បីកាត់បន្ថយហានិភ័យចំពោះសត្វព្រៃ។ 

ទន្ទឹមហ្នឹងនោះ អង្គការជីវិតសត្វព្រៃ បានសំណូមពរដល់ឧទ្យានុរក្សឱ្យបង្កើនការល្បាតអនុវត្តច្បាប់នៅតាមទីតាំងត្រពាំងសំខាន់ៗដែលនៅសល់មានទឹកដើម្បីបង្ក្រាបជនល្មើស និងស្វែងរកជនល្មើសផងដែរ។ ក្រៅពីនោះក៏បានសំណូមពរដល់អជ្ញាធរមូលដ្ឋានជួយអប់រំ ផ្សព្វផ្សាយដល់ប្រជាសហគមន៍ ឱ្យបញ្ឈប់ការបំពុល និងបរបាញ់សត្វព្រៃតទៅទៀត និងសំណូមពរផងដែរដល់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ឱ្យជួយអប់រំផ្សព្វផ្សាយដល់កម្មកររបស់ខ្លួនកុំឱ្យចូលរួមសកម្មភាពបំពុល និងការបរបាញ់បន្តទៅទៀត។ 

ក្រៅពីនោះ សម្រាប់អ្នកដែលចូលចិត្តបរិភោគសាច់សត្វព្រៃថា ការបរិភោគរបស់អ្នកទាំងនោះប្រៀបបីដូចជាការដាក់បញ្ចូលសារធាតុពុលទៅក្នុងខ្លួនផងដែរ៕

ព័ត៌មានទាក់ទង...