ព័ត៌មានជាតិ

ប.ស.ស ៖ ៧ខែឆ្នាំ២០១៨ ទឹកប្រាក់ជាង១៣ម៉ឺនលានរៀលត្រូវបានឧបត្ថម្ភជូនកម្មការិនី សម្រាលកូន ជាង៣ម៉ឺន៣ពាន់នាក់ ទៅទូទាំងប្រទេស

image

(ភ្នំពេញ) ៖ បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថាប.ស.ស នៅថ្ងៃទី ០២ ខែសីហានេះ បានប្រកាសផ្សាយទិន្នន័យកម្មការិនី ដែលសម្រាលកូន ក្នុងរយៈពេល ៧ ខែ គឺចាប់ពីខែមករា ដល់ខែកក្កដាឆ្នាំ២០១៨ ដែលទទួលបានប្រាក់ឧបត្ថម្ភពី រាជរដ្ឋាភិបាល កម្ពុជា តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម។

បេឡាជាតិរបស់សន្តិសុខសង្គមបានបង្ហាញថា រយៈពេលប្រាំពីរខែឆ្នាំ ២០១៨នេះ មានកម្មការិនីសម្រាប់កូនសរុប ៣៣.៣៦៥5 នាក់ ដែលមានចំនួនកូនសរុប ៣៣.៦០៦នាក់ ក្នុងចំណោមនោះមានកម្មការនីសម្រាលបានកូនភ្លោះពីរចំនួន២៣៨នាក់ និងសម្រាលបានកូនភ្លោះបី ចំនួន៣២ នាក់។
បេឡាជាតិរបបសន្តិសុខសង្គមបានបញ្ជាក់ថា កម្មការនីដែលសម្រាលកូនទាំងជាង ៣ម៉ឺន ៣ពាន់នាក់ក្នុងរយៈពេល៧ខែឆ្នាំ ២០១៨នេះ ទទួលបានប្រាក់ឧបត្ថម្ភ សរុបចំនួន ១៣.៤៤២.៤០០.០០ រៀល (១៣ម៉ឺន ៤៤២លាន ៤សែនរៀល) ។

យោងតាមទិន្នន័យខាងលើ មានកម្មការនីសម្រាលកូន ៣៨៨១នាក់ ក្នុងខែកុម្ភៈ, ៤៤៣០នាក់ នៅខែមីនា, ៤៨២២នាក់ នៅ ខែមេសា,៥៣០៥នាក់ នៅខឧសភា .៥២២៩នាក់នៅខែមិថុនា, ៥០០៨នាក់ ខែកក្កដា ។ គួរកត់សម្គាល់ថា នៅក្នុងរយៈពេល ៧ ខែនេះ ស្ត្រីជាកម្មការិនី ដែលសម្រាលកូនភ្លោះបី មានម្នាក់ក្នុងខែមេសានិងម្នាក់ទៀតនៅក្នុងខែកក្កដា។
ជាមួយគ្នានេះ បេឡាជាតិរបបសន្តិសុខសង្គម បានបញ្ជាក់ថា បើកម្មការនីដែលសម្រាលកូនជួបប្រទះបញ្ហានិងចង់ដឹង ព័ត៌មាន បន្ថែមសូមទាក់ទងនៅលេខទូរសព្ទ័ HotLine របស់ប.ស.ស ២៤លើ ២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្តាហ៍ ដែលមានលេខ ១២៨៦។

សូមជំរាបថា ដោមានការគិតគូរពីសម្តេចតេជោ ហ៊ុន សែន គឺកម្មករកម្មការនីជាពិសេស កម្មការនីមានផ្ទៃពោះ ទួលបាន អត្ថប្រយោជន៍ ជាច្រើនដែលរាជរដ្ឋាភិបាលផ្តល់ឱ្យ ទាំងមុនការបោះឆ្នោត និងក្រោយពេលបោះឆ្នោត ដោយក្នុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅតែបន្តដាក់ចេញនូវសារសំខាន់ៗ ៩ចំនុចដើម្បីឲ្យក្រសួង និងស្ថាប័នពាក់ពន្ធ័អនុវត្តឲ្យ មានប្រសិទ្ធភាព រួមមាន៖
១)ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។
២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។

៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដាន ការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។
៤.ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ ហើយនៅពេលដ៏ខ្លីខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។
៥)ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើង មានកំណត់រួចរាល់ហើយ។
៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុង រយៈពេល១ឆ្នាំ (២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។

៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។
៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករ កម្មការិនីដែល បានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយ បញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ រកការងារធ្វើដល់កម្មករ កម្មការិនីអោយបានឆាប់បំផុត៕

អត្ថបទ ៖ អោម ចែតច័ន្ទណារ៉ា