ព័ត៌មានជាតិ

មន្រ្តីជំនាញខេត្តរតនគិរី ទទួលស្គាល់ថា ការផលិតទឹកស្អាតរបស់ក្រុមហ៊ុន តាយ សេង គឺនៅមានកម្រិត

image


មន្រ្តីជំនាញខេត្តរតនគិរី ទទួលស្គាល់ថា ការផលិតទឹកស្អាតរបស់ក្រុមហ៊ុន តាយ សេង គឺនៅមានកម្រិត

(រតនគិរី) បន្ទាប់ពីមានករណីទឹកស្អាតរបស់ក្រុមហ៊ុន តាយ សេង ឡើងល្អក់កករជារើយៗកន្លងមក ដែលបានជះឥទ្ធិពលមិនល្អ ដល់ប្រជាពលរដ្ឋដែលជាអតិថិជនប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុននេះហើយនោះ លោក អ៊ាវ ហៃ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តរតនគិរី បានទទួលស្គាល់ថា អាងប្រព្រឹត្តិកម្មផលិតទឹកស្អាតរបស់ក្រុមហ៊ុន ១នេះ គឺស្របតាមស្តង់ដាររបស់ ក្រសួង ប៉ុន្តែប្រតិបត្តិករបច្ចេកទេស រួមទាំងបណ្តាញតភ្ជាប់ប្រព័ន្ធទឹកទៅកាន់អតិថិជន គឺនៅមានកម្រិត។

នេះបើតាមការលើកឡើងរបស់ លោក អ៊ាវ ហៃ ដែលបានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍CNC កាលពីរសៀលថ្ងៃទី១ ខែសីហាម្សិលមិញនេះ ក្នុងឱកាសរូបលោកចុះពិនិត្យអាងប្រព្រឹត្តិកម្មរបស់ក្រុមហ៊ុនទឹកស្អាត តាយ សេង ដែលមានទីតាំង ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តរតនគិរីរូបនេះ បានបញ្ជាក់ថា ការដែលអតិថិជនក្នុងក្រុងបានលុង បានបង្ហោះ ផ្សព្វផ្សាយព័ត៌មាននៅក្នុងបណ្តាញសង្គមអំពីបញ្ហាទឹកល្អក់កករដែលបានជះឥទ្ធិពលមិនល្អបង្កអោយកើតមាននូវបញ្ហាកន្ទួល រមាស់ និងប៉ះពាល់ដល់បញ្ហាសុខភាពរបស់អ្នកប្រើប្រាស់មួយចំនួនទៀតនោះ គឺដោយសារបញ្ហាផ្ទុះបណ្តាញបំពុង ទុយោចែកចាយ ទឹកស្អាតរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត តាយ សេង នៅតាមតំបន់មួយចំនួនក្នុងក្រុងបានលុង ទើបបង្កអោយកើតមាននូវ បញ្ហានេះ កើតឡើង ។

ប្រធានមន្ទីរជំនាញរូបនេះ បានអោយដឹងទៀតថា ការដែលបង្កអោយកើតមានបញ្ហាផ្ទុះបណ្តាញបំពុងទុយោចែកចាយទឹក របស់ក្រុមហ៊ុននេះកើតឡើង គឺដោយសារកត្តាបណ្តាញបំពុងទុយោទឹកពុំមានគុណភាព និងកត្តាមួយទៀតគឺដោយសារការកប់ បណ្តាញបំពុងទុយោនេះ ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវទៅតាមស្តង់ដារ ទើបបង្កអោយកើតមានបញ្ហាទាំងនោះកើតឡើង ។


ទន្ទឹមនេះ លោក អ៊ាវ ហៃ ក៏បានធ្វើការសំណូមបន្ថែមទៅដល់ក្រុមហ៊ុនផលិតទឹកស្អាត តាយ សេង អោយបង្កើនការយក ចិត្តទុកដាក់អោយបានខ្ពស់បំផុតទៅលើការផលិត និងចែកចាយសេវាទឹកស្អាតជូនដល់អតិថិជនដែលជាប្រជាពលរដ្ឋ ប្រកបដោយទឹកមានគុណភាពល្អប្រសើរ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តាប្រើប្រាស់ទឹកដោយមានការសន្សំសំចៃ ពីព្រោះតំបន់នេះ មានការខ្វះខាតទឹកសម្រាប់ការប្រើប្រាស់ ដូច្នេះបច្ចុប្បន្ននេះ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ជាពិសេសចំពោះ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងបានលុង ដែលទទួលបានទឹកស្អាតកម្រិតនេះប្រើប្រាស់គឺល្អគាប់ប្រសើរហើយ ។

ទាក់ទងទៅហ្នឹងបញ្ហាទឹកស្អាតរបស់ក្រុមហ៊ុន តាយ សេង ដែលជារើយៗតែងតែកើតមានបញ្ហាឡើងល្អក់កករនៅ តាមតំបន់ មួយចំនួនក្នុងក្រុងបានលុងក្នុងរយៈពេលប៉ុន្មានជាជិត ១ខែចុងក្រោយនេះ ស្របពេលដែលមេឃ បាននឹងកំពុងបន្តធ្លាក់ភ្លៀង ជាបន្តបន្ទាប់ដែរនោះ ភ្នាក់ងារទូរទស្សន៍CNC ប្រចាំខេត្តរតនគិរី ពុំអាចសុំផ្តល់បទសម្ភាសន៍ ជាមួយតំណាងក្រុមហ៊ុនទឹកស្អាត តាយ សេង ដើម្បីស្រាយបំភ្លឺបាននោះទេកាលពីថ្ងៃទី១ ខែសីហាម្សិលមិញនេះ បើទោះបីជាភ្នាក់ងារទូរទស្សន៍ CNCប្រចាំខេត្ត ព្យាយាមធ្វើការទំនាក់ទំនងសុំធ្វើបទសម្ភាសន៍ជាច្រើនលើកច្រើនសារក៏ដោយ ៕


អត្ថបទ៖ ប៉េស សារី