វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះ MoU ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ ដើម្បីរួមគ្នាអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា
អត្ថបទ៖ សុខ លីដា
ភ្នំពេញ៖ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ (KIT) បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងបំណងរួមគ្នាដើម្បីលើកកម្ពស់ធនធានមនុស្ស និងជុំរុញកិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាវិស័យស្នូលមួយក្នុងនិន្នាការនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤.០។
ដើម្បីចូលរួមចំណែកក្នុងការជំរុញដល់ការអភិវឌ្ឍផ្នែកធនធានមនុស្ស ក្នុងការស្រាវជ្រាវអនុវត្ត និងលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងប្រទេសកម្ពុជា និងជុំរុញកិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ (KIT) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២១ នាទីស្តីការក្រសួង។
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបង្ហាញនូវទឹកចិត្តរីករាយចំពោះព្រឹត្តិការណ៍នៃពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ដើម្បីលើកកម្ពស់ និងជុំរុញកិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាវិស័យស្នូលមួយ ក្នុងនិន្នាការនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤.០។
សូមជម្រាបថា អនុស្សារណៈនៃការយោគយល់គ្នានេះ ត្រូវចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ និងមានរយៈពេល ០៥ឆ្នាំ៕