ព័ត៌មានជាតិ

សាហាវណាស់! ករណីបាញ់សម្លាប់មនុស្ស៣នាក់យប់មិញ កើតចេញពីទំនាស់ចតរថយន្តនៅមុខផ្ទះ

image

ភ្នំពេញ៖ សារធារណជន បានចាត់ទុកការបាញ់សម្លាប់មនុស្សចំនួន ៣នាក់ កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ជាករណីដ៏សាហាវយង់ឃ្នងបំផុតដែលមិនគួរឱ្យកើតមានទាល់តែសោះនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន។ អ្នកខ្លះបានលើកឡើងថា ករណីនោះ ជាការខ្វះសីលធម៌ ខ្វះការយោគយល់គ្នានៅក្នុងសង្គម ដែលជាការព្រួយបានរម្មណ៍យ៉ាងខ្លាំង ដោយគ្រាន់តែកើតចេញពីរឿងបន្តិចបន្តួចសោះគួរតែចេះយោគយល់ឱ្យគ្នាទៅវិញទៅមក មិនគួរដកកាំភ្លើងបាញ់ផ្តាច់ជីវិតមនុស្សដោយងាយៗដូចបែបនេះទេ។

នៅក្នុងករណីបាញ់ប្រហារដ៏រន្ធត់នោះ ដែលបង្កឡើងដោយអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់ និងជាខ្មាន់កាំភ្លើងដែលមានទំនាស់ជាមួយម្ចាស់រថយន្តមួយគ្រឿង ខណៈដែលបើកទៅឈប់ចតនៅខាងមុខផ្ទះមួយភ្លែត ក៏កើតជាជម្លោះពាក្យសម្តីដាក់គ្នាមួយប្រាវ រួចអ្នកបើកបរម៉ូតូកង់បីនោះបានហៅបក្សពួកខ្លួនទៅបាញ់ប្រហារជនងគ្រោះទាំង ៣នាក់ ចំនួន ៣គ្រាប់ បណ្ដាលឱ្យស្លាប់ជាបន្តបន្ទាប់ កាលពីវេលាម៉ោង ១៩:២៥នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខហាងលក់ទូរស័ព្ទមួយ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ និងពីកាមេរ៉ាសុវត្ថិភាព បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងទៅឈប់ចតមួយភ្លែតនៅខាងមុខផ្ទះដើម្បីដាក់កូននៅក្បែរកន្លែងកើតហេតុ។ បន្ទាប់មកគេឃើញបុរសម្នាក់ដែលជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌាមួយគ្រឿងមកពីក្រោយរួចស៊ីផ្លេឱ្យរថយន្តអែបគៀន ខណ:ផ្លូវកំពុងមានការកកស្ទះ រួចក៏មានជម្លោះជាពាក្យសម្តីដាក់គ្នាមួយប្រាវ។ បន្ទាប់មកអ្នកបើកបរម៉ូតូកង់បីឥណ្ឌាក៏បានបើកចេញបាត់ទៅ។ 

មួយសន្ទុះក្រោយមក នៅវេលាម៉ោងកើតហេតុ ក៏ស្រាប់តែលេចមុខអ្នកបើកម៉ូតូកង់បីឥណ្ឌា បានហៅបក្សពួកជិះម៉ូតូជាច្រើនគ្រឿងទៅដល់កន្លែងកើតហេតុវិញ រួចខ្មាន់កាំភ្លើងជាអ្នកបើកម៉ូតូកង់បីឥណ្ឌា បានស្ទុះទៅដកកាំភ្លើងពីបក្សពួកដែលជិះម៉ូតូយកទៅបាញ់សំដៅទៅលើម្ចាស់រថយន្ត ខណៈដែលកំពុងអង្គុយលេងជាមួយជនរងគ្រោះផឹកស៊ីសប្បាយនៅមុខហាងចំនួន ៣គ្រាប់ និងត្រូវបុរស ៣នាក់ បណ្ដាលឱ្យរងរបួសធ្ងន់។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានយកជនរងគ្រោះទាំង ៣នាក់ ដាក់លើម៉ូតូកង់បីឥណ្ឌា បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែដោយសារស្ថានភាពធ្ងន់ធ្ងរ ជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យជាបន្តបន្ទាប់ទាំង ៣នាក់។ ចំណែកខ្មាន់កាំភ្លើង និងបក្ខពួកបាននាំគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ និងបានធ្វើការហ៊ុមព័ទ្ធនៅទីតាំងកើតហេតុ ដើម្បីងាយស្រួលពិនិត្យ និងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យ។ ជនរងគ្រោះទាំង ៣នាក់ ដែលបានស្លាប់បាត់បងជីវិតមានឈ្មោះ សៀក លឹម  អាយុ ២៥ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យលោកសង្ឃ, ឈ្មោះ សុខ ស៊ីដេត អាយុ៤០ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យលោកសង្ឃ, ឈ្មោះ បូរ  រ៉ាភី  អាយុ៤៦ឆ្នាំ  ស្លាប់ នៅមន្ទីរពេទ្យរុស្ស៊ី៕