ព័ត៌មានអន្តរជាតិ

រុស្ស៊ីប្រកាសថាត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយសហភាពអឺរ៉ុបប្រសិនបើរងទណ្ឌកម្មធ្ងន់ធ្ងរ

image

ម៉ូស្គូ៖ យោងតាមការដកស្រង់ពីកិច្ចសម្ភាសន៍ដែលបង្ហោះនៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ី លោករដ្ឋមន្ត្រី សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថារុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយសហភាពអឺរ៉ុបប្រសិនបើប្លុកនេះដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរមកលើរុស្ស៊ី។

ទំនាក់ទំនងរវាងរុស្ស៊ីនិងប្រទេសលោកខាងលិចកំពុងស្ថិតក្រោមសម្ពាធសាជាថ្មីជុំវិញការចាប់ខ្លួននិងដាក់ពន្ធនាគារមេដឹកនាំប្រឆាំងរុស្ស៊ីលោក អាឡិចស៊ី ណាវ៉ាល់នី (Alexei Navalny) ដែលបានជំរុញឲ្យមានការពិភាក្សាអំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មថ្មី។

លោក ឡាវរ៉ូវ (Lavrov) បានឆ្លើយតបបែបនេះទៅនឹងសំនួរថាតើរុស្ស៊ីនឹងឆ្ពោះទៅរកការកាត់ផ្តាច់ទំនាក់ទំនងជាមួយសហភាពអឺរ៉ុបដោយខ្លួនឯងដែរឬទេ។

លោក ឡាវរ៉ូវ (Lavrov) បាននិយាយថា «យើងបានត្រៀមខ្លួនជាស្រេចចំពោះបញ្ហានេះនៅក្នុងករណីដែលយើងរងការដាក់ទណ្ឌកម្មជាថ្មីនៅក្នុងវិស័យមួយចំនួនដែលបង្កហានិភ័យដល់សេដ្ឋកិច្ចរបស់យើង។»

មន្ត្រីការទូតអឺរ៉ុប៣នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) កាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុបទំនងនឹងដាក់បម្រាមលើការធ្វើដំណើរនិងបង្កកទ្រព្យសម្បត្តិរបស់សម្ព័ន្ធមិត្តប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដែលអាចនឹងកើតមាននៅក្នុងខែនេះបន្ទាប់ពីបារាំងនិងអាល្លឺម៉ង់បង្ហាញឆន្ទៈរបស់ពួកគេដើម្បីបន្តទៅមុខ។

សម្ពាធជុំវិញការដាក់ទណ្ឌកម្មបានកើនឡើងចាប់តាំងពីរុស្ស៊ីបានធ្វើឲ្យបណ្តាប្រទេសនៅអឺរ៉ុបមានការខឹងសម្បារកាលពីសប្តាហ៍មុនដោយសារការបណ្តេញមន្ត្រីការទូតអាល្លឺម៉ង់, ប៉ូឡូញ និងស៊ុយអែតចេញពីប្រទេសដោយមិនប្រាប់ប្រធានគោលនយោបាយការបរទេសរបស់អឺរ៉ុបដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសរុស្ស៊ី។ ឥលូវនេះបារាំងនិងអាល្លឺម៉ង់បានប្រកាសថាត្រូវតែមានការឆ្លើយតប៕

ប្រែសម្រួល៖ នីតា