សន្តិសុខសង្គម

ឪពុកចុង ចាប់រំលោភកូនចុង ៣ដង និងបង្ខំរួមភេទ បានសម្រេច ៨ដងទៀត ចុងក្រោយត្រូវនគរបាលចាប់ខ្លួន

image


កណ្តាល៖ ឪពុកចុងម្នាក់ ដែលបានចាប់រំលោភកូនចុងជាច្រើនដង និងគំរាមបង្ហោះសកម្មភាពរួមភេទ ត្រូវបាននគរបាលចាប់វាយខ្នោះតែម្តង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចខេត្តកណ្តាល បានឱ្យដឹងថា ករណីឪពុកចុងរំលោកកូនចុងនេះ បានកើតឡើងចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មកម្លេះ បន្ទាប់មកក្មេងស្រីរងគ្រោះចេញពីផ្ទះទៅរស់នៅជាមួយម្តាយមីងនៅឯខេត្តព្រៃវែង។ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ជនរងគ្រោះ បានត្រឡប់ចូលផ្ទះ ដើម្បីរៀបចំខោអាវទៅរស់នៅជាមួយឪពុកបង្កើតវិញ ក៏បានជួបជាមួយជនសង្ស័យជាឪពុកចុង។

ពេលនោះក៏បានឈ្លោះប្រកែកគ្នា ហើយជនសង្ស័យក៏បានវាយធ្វើបាបនាង ទើបនាងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ និងបានឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង។

ជនរងគ្រោះត្រូវជាកូនដើមឈ្មោះ ច ធ រ ន ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ជាសិស្សសាលា មានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យជាឪពុកចុងឈ្មោះ ទេព តុលា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ជាងម៉ាស៊ីនត្រជាក់។

នគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ម្តាយជនរងគ្រោះបានរៀបការប្តីមួយទៀតឈ្មោះ ទេព តុលា ហើយពេលនោះជនរងគ្រោះក៏បានចូលរួមផឹកស៊ីស្រវឹងដេកលក់រហូតដល់ពាក់កណ្តាលយប់ ឪពុកចុងក៏បានឡើងទៅចាប់រំលោភរហូតបានសម្រេចម្តង។

ក្រោយមកនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ម្តាយ និងឪពុកចុង ក៏បាននាំជនរងគ្រោះទៅធ្វើពិធីកាត់ចំណងដៃនៅខេត្តស្វាយរៀង ហើយក៏បានចាប់រំលោភនាងបានសម្រេចម្តងទៀត។ លុះក្រោយមកទៀត ក៏បានចាប់រំលោភនៅលើផ្ទះនៅពេលដាច់ភ្លើង បានសម្រេចម្តងទៀត ហើយបានថតវីដេអូទុកមើលទៀតផង។

លុះក្រោយមកទៀតជនសង្ស័យបានសុំរួមភេទបន្តទៀត តែជនរងគ្រោះមិនព្រម ពេលនោះជនសង្ស័យ ក៏បានយកវីដេអូ ទៅគំរាម បើមិនព្រមនឹងយកវីដេអូនោះបង្ហោះនៅលើ ហ្វេសបុក(facebook) ឱ្យគេដឹង ទើបជនរងគ្រោះបានយល់ព្រមរួមភេទជាមួយជនសង្ស័យជាបន្តរបន្ទាប់បានសម្រេចចំនួន ៨ដង។ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយទ្រាំនឹងទង្វើរបស់ឪពុកចុងដែលតែងតែចាប់បង្ខំរួមភេទលែងបាន ក៏បានរៀបរាប់ប្រាប់ម្តាយ តែម្តាយគ្រាន់តែស្តីបន្ទោសឱ្យឪពុកចុងបីបួនមាត់តែប៉ុណ្ណោះ ទើបជនរងគ្រោះខឹងក៏បានឈប់រៀនរត់ទៅរស់នៅជាមួយម្តាយមីងនៅខេត្តព្រៃវែង។

បន្ទាប់មកឪពុកបង្កើតជនរងគ្រោះ ទទួលបានដំណឹងថា ជនរងគ្រោះឈប់រៀន ក៏បានហៅឱ្យទៅរស់នៅជាមួយនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ហើយប្រាប់ជនរងគ្រោះឱ្យទៅយកខោអាវនៅផ្ទះទៅរស់ជាមួយ។ នៅពេលនោះក៏បានឈ្លោះប្រកែកគ្នាជាមួយជនសង្ស័យ ក៏បានវាយធ្វើបាបនាង ទើបនាងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ និងបានឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង។

តាមការសាកសួរជនសង្ស័យ បានឆ្លើយថា ពិតជាបានរួមភេទជាមួយជនរងគ្រោះបានសម្រេចជាច្រើនដងប្រាកដមែន តែមិនបានចាប់រំលោភទេ ដោយសារមានការព្រមព្រៀងត្រូវរ៉ូវគ្នា។ទោះជាយ៉ាងនេះក៏ដោយ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់៕


ព័ត៌មានទាក់ទង...