ព័ត៌មានជាតិ

រយៈពេល៦ថ្ងៃអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩មានចំនួនជាង ៣ពាន់នាក់

image

ភ្នំពេញ៖ ក្នុងរយៈពេល ៦ថ្ងៃ មកនេះ ពោលគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួន ៣២១៩នាក់ (ស្រី ១១៨៨នាក់)។ នេះបើយោងតាមរបាយការណ៍របស់ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ 

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ឱ្យដឹងថា ក្នុងចំនួន ៣២១៩នាក់នោះ អ្នកដែលបានចាក់វ៉ាក់សាំងរួចមានចំនួន ២៦១១នាក់ (ស្រី ៨៥៥នាក់)។ ចំពោះអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់មានចំនួន ៦០៨នាក់ (ស្រី ៣៣៣នាក់)។ ការមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ដោយសារបុគ្គលនោះមានជំងឺផ្សេងៗ ឬប្រតិកម្មនឹងវ៉ាក់សាំងនេះ ដែលបានបញ្ជាក់ដោយគ្រូពេទ្យ។

ទន្ទឹមនឹងនេះផងដែរ លោកស្រី ឱ វណ្ណឌីន ក៏បានច្រានចោលនូវការចុះផ្សាយដោយសារព័ត៌មានមួយចំនួនដែលថា មានការស្លាប់សិស្សសាលាបន្ទាប់ពីការចាក់វ៉ាក់សាំង។ ផ្ទុយទៅវិញក្រសួងសុខាភិបាលមិនទាន់មានគោលការណ៍ចាក់វ៉ាក់សាំងដល់សិស្សសាលា ឬក្រុមមនុស្សបែបនេះនៅឡើយទេ និងបានចាត់ទុកការចុះផ្សាយនោះគឺជាការប្រឌិត និងបានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ចំពោះការផ្សព្វផ្សាយនូវព័ត៌មានមិនពិតនេះផងដែរ។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩(ស៊ីណូហ្វាម)នៅតែបន្តរៀបចំឡើងនៅតាមគោលការណ៍ស្ម័គ្រចិត្តសម្រាប់អ្នកដែលមានអាយុចន្លោះពី១៨ ទៅ ៥៩ឆ្នាំ នៅទីតាំងចំនួន៥គឺ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ, មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន, មន្ទីរពេទ្យកេតុមាលា សម្រាប់ថ្នាក់ដឹកនាំកងទ័ព។ ដោយឡែក សម្រាប់អង្គភាពទ័ពមួយចំនួននឹងមានការរៀបចំទៅដាក់ដល់ក្នុងអង្គភាពផ្ទាល់តែម្ដង៕