ព័ត៌មានជាតិ

អាមេរិកនឹងផ្តល់ជំនួយដល់មន្ទីរពេទ្យបង្អែកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់សុខភាពប្រជាជនឱ្យកាន់តែប្រសើរឡើង 

image

ត្បូងឃ្មុំ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានចុះសិក្សា និងពិនិត្យមើលស្ថានភាពនៅមន្ទីរពេទ្យបង្អែកពញាក្រែក ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ជំនួយផ្សេងៗ ក្នុងគោលបំណងលើកកម្ពស់សុខភាពជាសាធារណៈរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើងតាមរយៈ USAID ពិសេសក្នុងអាណត្តិប្រធានាធិបតី Joe Biden។ ការចុះសិក្សានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Patrick Murphy  ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានលើកឡើងថា បេសកកម្មរបស់លោកនៅខេត្តត្បូងឃ្មុំ ដើម្បីជួបដៃគូពាក់ព័ន្ធមួយចំនួន ហើយក្នុងនោះ បានមើលឃើញថា មន្ទីរពេទ្យ គឺជាគោលដៅសំខាន់មួយដែលត្រូវកែលម្អ ជាទីកន្លែងដែលស្មុកស្មាញដោយត្រូវការទាំងធនធានមនុស្ស ហិរញ្ញវត្ថុ និងការគ្រប់គ្រងព្យាបាលអ្នកជំងឺ។ តាមរយៈការធ្វើទស្សនៈកិច្ចនៅមន្ទីពេទ្យក្នុងខេត្តត្បូងឃ្មុំនាពេលនេះ ដើម្បីជួយកែលម្អ លើកកម្ពស់សុខភាពប្រជាជនកម្ពុជា ខណៈឆ្នាំកន្លងទៅសហរដ្ឋអាមេរិកបានជួយថវិកាចំនួន ១១លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើតបចំពោះជំងឺកូវីដ-១៩ ដើម្បីថែទាំអ្នកជំងឺដែលបានឆ្លង។

លោក Patrick Murphy  បានបន្តថា សហរដ្ឋអាមេរិក ត្រូវការប្រើប្រាស់នូវបច្ចេកវិជ្ជាថ្មីៗដើម្បីឆ្លើយតបនឹងការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ហើយសម្រាប់មន្ទីរពេទ្យបង្អែកពញាក្រែក បានបង្កើតឱ្យមានការរៀនសូត្រពីចម្ងាយ ដែលនេះអាចបន្តនូវសមត្ថភាពរបស់បុគ្គលិកមន្ទីរពេទ្យ ហើយសហរដ្ឋអាមេរិកនឹងបន្តភាពជាដៃគូរនេះបន្តទៀត ព្រោះវាបានជួយច្រើនលើបញ្ហានានាក្រៅពីជំងឺកូវីដ-១៩ ដូចជាអត្រាកាត់បន្ថយជំងឺអេដស៍ស្ទើរតែលុបបំបាត់បាន ដែលទាំងអស់គ្នា និងលុបបំបាត់នាពេលខាងមុខដ៏ខ្លី។ ក្នុងនោះជំងឺគ្រុនចាញ់ក៏ជាគោលដៅមួយដែលត្រូវធ្វើការទប់ស្កាត់ និងលុបបំបាត់ រួមទាំងជំងឺឆ្លងផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យសុខភាពប្រជាជនកម្ពុជាមានភាពប្រសើរឡើង និងមានភាពរីកចម្រើន។ លោកថាប្រទេសកម្ពុជា នឹងទទួលបានផលប្រយោជជាសកលពីសហរដ្ឋអាមេរិក ខណៈក្នុងអាណត្តិប្រធានាធិបតី Joe Biden មានគម្រោងថវិកាចំនួន ៥កោដដុល្លារ ជាការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩។

ជាមួយគ្នានោះ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា សម្រាប់មន្ទីរសុខាភិបាល ស្វាគមន៍ជានិច្ចសម្រាប់ការជួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិក តាមរយៈ USAID ដោយកន្លងមកបានជួយកែលម្អរគម្រោងគុណភាពសេវាតាមមន្ទីរពេទ្យ មណ្ឌលសុខភាព នៅក្នុងខេត្តត្បូងឃ្មុំ និងគម្រោងបណ្តុះបណ្តាលដល់គ្រូពេទ្យ មន្រ្តីសុខាភិបាល ដើម្បីឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ-១៩ រួមទាំងបង្កើនការស្រាវជ្រាវរកអ្នកជំងឺរបេងថ្មី ជាដើម៕

ដោយ៖ ជឹង សេងឡុង