ព័ត៌មានជាតិ

ក្រសួងសុខាភិបាល កំពុងរៀបចំបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅបណ្តាខេត្តជាប់ព្រំដែន

image

ភ្នំពេញ៖ អ្នកពាក្យក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ពេលនេះ ក្រសួងសុខាភិបាលបាននិងកំពុងរៀបចំក្នុងការបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅកាន់បណ្តាខេត្តនានា នៅតាមបណ្តាខេត្តនៅជាប់ព្រំដែន ដើម្បីចាក់ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមកនេះ ការបណ្ដុះបណ្ដាលក្រុមគ្រូពេទ្យត្រូវបានបញ្ចប់ ដូច្នេះ ពេលពួកគាត់ត្រឡប់ទៅវិញ ត្រូវរៀបចំដើម្បីទទួលវ៉ាក់សាំង ហើយយើងនឹងរៀបចំក្នុងការបញ្ជូនវ៉ាក់សាំងនេះជូនទៅដល់ក្រុមគ្រូពេទ្យ ដែលបានបណ្តុះបណ្តាលរួចហើយ ជាពិសេសខេត្តនៅតាមជាប់ព្រំដែនរួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ រាជធានីភ្នំពេញ ឧត្តរមានជ័យ ប៉ៃលិន កោះកុង ព្រះសីហនុ ស្វាយរៀង ពោធិ៍សាត់ កែប និងមន្ទីពេទ្យព្រះកុសុមៈ ក៏ដូចជាមជ្ឈមណ្ឌលជាតិគាំពារកុមារ និងទាករ។

អ្នកនាំពាក្យក្រសួងសុខាភិបាលបានបន្ដថា នៅថ្ងៃទី១៩កុម្ភៈនេះ ក៏មានគ្រុមគ្រូពេទ្យមួយចំនួនដែលមកពីបណ្តាខេត្តដូចជា ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ ស្ទឹងត្រែង កំពុងស្ពឺ កំពង់ឆ្នាំង និងព្រៃវែង ដែលនឹងធ្វើការបញ្ជូនវ៉ាក់សាំងជាបន្តបន្ទាប់ទៀត។

លោកស្រីបានឱ្យដឹងទៀតថា ការចាក់វ៉ាក់សាំងជំហានដំបូងនេះ គឺចាក់វ៉ាក់សាំង ដែលទទួលបានពីប្រទេសចិន (Sinopharm) ក្នុងកម្រិត៣០០ពាន់ដូស ដោយគ្រោងចាក់លើ មនុស្សចំនួន ១៤៩ ៥០០ នាក់៕