តម្លៃជ្រូករស់ក្នុងស្រុកងើបឡើងវិញដោយមានតម្លៃ ៩៤០០រៀល ក្នុង១គីឡូក្រាម
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា តម្លៃជ្រូករស់ក្នុងស្រុកបានងើបឡើងវិញចាប់តាំងពីខែមេសាឆ្នាំនេះ ដែលរហូតមកដល់ពេលនេះ តម្លៃជ្រូកបានងើបឡើងរហូតដល់៩.៤០០រៀលក្នុង១គីឡូក្រាម ខណៈតម្លៃអប្បរមាសម្រាប់លក់នៅទីផ្សារក្នុងស្រុក គឺតម្លៃត្រឹមតែ៨.៦០០រៀលក្នុង១គីឡូក្រាម។

លោក ស្រ៊ុន ពៅ ប្រធានអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យអ្នកសារព័ត៌មានដឹងថា តម្លៃជ្រូករស់បច្ចុប្បន្ននេះ មានលក្ខណៈល្អប្រសើរ ចំពោះអ្នកចិញ្ចឹមក្នុងស្រុក ព្រោះកន្លងមក កសិករចិញ្ជឹមជ្រូកទាំងនោះ ប្រាថ្នាតម្លៃជ្រូកត្រឹមតែ ពី៧.០០០រៀល ទៅ៨.០០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ តែពេលនេះ តម្លៃបានឡើងលើសពីអ្វីដែលពួកគេប្រាថ្នាចង់បានទៅហើយ។

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងទៀតថា តម្លៃជ្រូករស់ដែលបានឡើងខ្ពស់បែបនេះ នឹងមានស្ថិរភាពរយៈពេលយូរទៀត ព្រោះតែតម្លៃជ្រូកនៅតាមបណ្ដាប្រទេសមួយចំនួន ដូចជា នៅប្រទេសថៃ ចិន និងវៀតណាម ដែលជាអ្នកផ្គត់ផ្គង់ជ្រូកមួយសំខាន់នោះ បានងើបឡើងថ្លៃដែរ។

ក្រសួងកសិកម្មកម្ពុជាធ្លាប់បានអះអាងថា ការផ្គត់ផ្គង់សាច់ជ្រូកក្នុងស្រុកមិនអាចឆ្លើយតបទៅនឹងតម្រូវការបរិភោគពីប្រជាពលរដ្ឋបាននៅឡើយទេ ដូចនេះកម្ពុជាត្រូវពឹងលើការនាំចូលពីប្រទេសជិតខាង។ ហើយខណៈដែលជ្រូកកំពុងឡើងថ្លៃនេះ សមាគមអ្នកចិញ្ចឹមសត្វជ្រូក បានជំរុញឲ្យកសកសិករដែលបានបោះបង់ការចិញ្ចឹមជ្រូកកាលពីមុននោះ ងាកមកចិញ្ចឹមជ្រូកឡើងវិញ ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក ជាជាងនាំចូលពីប្រទេសជិតខាង។


គួរបញ្ជាក់ថា កន្លងមកបើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា ក្នុងអំឡុងពេលតម្លៃជ្រូករស់ក្នុងស្រុកធ្លាក់ចុះ ធ្វើឲ្យកសិករដែលចិញ្ចឹមជ្រូក និងក្រុមហ៊ុនតូចធំ ត្រូវខាតលុយសរុបប្រមាណ១៥០លានដុល្លារអាមេរិក ដែលធ្វើឲ្យកសិករចិញ្ចឹមជ្រូក បោះបង់ចោលអាជីពនេះ និងខ្លះទៀតរុះរើទ្រុងចោល ព្រោះតែមិនអាចទប់ទល់នឹងការចំណាយថ្លៃដើមខ្ពស់ និងការខាតបង់ពីការធ្លាក់ថ្លៃនេះ៕



អត្ថបទ ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation