ព័ត៌មានអន្តរជាតិ

សាលារៀននៅអាល្លឺម៉ង់ត្រូវបានបើកឡើងវិញខណៈការឆ្លងកូវីដ១៩កើនឡើងសាជាថ្មី

image

ប៊ែរឡាំង៖ សាលារៀននៅក្នុងរដ្ឋភាគច្រើននៃប្រទេសអាល្លឺម៉ង់បានបើកឡើងវិញជាលើកដំបូងកាលពីថ្ងៃចន្ទចាប់តាំងពីការរឹតត្បិតលើការដើរហើរក្នុងអំឡុងពិធីបុណ្យណូអែលបានចូលជាធរមានកាលពីថ្ងៃទី១៦ ខែធ្នូមក។

សាលារៀនទាំងនោះបានអនុវត្តវិធានការសុវត្ថិភាពនិងបែងចែកម៉ោងរៀនឆ្លាស់ថ្ងៃនិងសប្តាហ៍គ្នាដើម្បីកាត់បន្ថយចំនួនសិស្សនៅក្នុងសាលាក្នុងពេលតែមួយ។ រដ្ឋចំនួន១៦នៅក្នុងប្រទេសអាល្លឺម៉ង់បានអនុវត្តវិធានការខុសៗគ្នា។

នៅក្នុងរដ្ឋធានីប៊ែរឡាំង មានតែសិស្សថ្នាក់ទី១ដល់ទី៣ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចូលរៀនវិញ ខណៈដែលសិស្សថ្នាក់ផ្សេងទៀតត្រូវបន្តសិក្សាពីផ្ទះដដែល។

គ្រូបង្រៀនមួយចំនួនបង្ហាញការសប្បាយចិត្តចំពោះការវិលត្រឡប់ទៅថ្នាក់រៀនវិញ ប៉ុន្តែមួយចំនួនទៀតបានបង្ហាញការព្រួយបារម្ភដោយសារតួលេខអ្នកឆ្លងជំងឺកូវីដ១៩បានកើនឡើងសាជាថ្មីនៅទូទាំងប្រទេសអាល្លឺម៉ង់។

អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បានអំពាវនាវឲ្យរដ្ឋសហព័ន្ធទាំងអស់មានការប្រុងប្រយ័ត្ន ខណៈដែលការកើនឡើងនូវករណីឆ្លងវីរុសកូវីដ១៩បំប្លងខ្លួនថ្មីមានប្រភពមកពីអង់គ្លេសបានគំរាមកំហែងដល់ការត្រឡប់ទៅរកការរស់នៅដូចដើមវិញបន្ទាប់ពីពិធីបុណ្យ Easter៕

ប្រែសម្រួល៖ នីតា