ព័ត៌មានជាតិ

កម្លាំងនគរបាលជាតិទូទាំងប្រទេសប្រមាណជាង៦ម៉ឺននាក់ត្រៀមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

image

អត្ថបទ:ឃឹម វិសាល 

ភ្នំពេញ: អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលជាតិទូទាំងប្រទេសប្រមាណជាង៦ម៉ឺននាក់បានត្រៀមខ្លួនជាស្រេចក្នុងការទទួលយកការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីនគរបាលទៅពលរដ្ឋ ខណៈកងកម្លាំងនគរបាលជាតិក៏ជាផ្នែកដ៏សំខាន់មួយ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសកម្លាំងការពារព្រំដែន។ 

ថ្លែងបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយដឹកនាំថ្នាក់ដឹកនាំមន្រ្តីនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាព្រឹកថ្ងៃទី ២៣ កុម្ភៈនេះ លោកនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា កម្លាំងនគរបាលជាតិគ្រប់ផ្នែក និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ មានជំនឿជឿជាក់ លើវ៉ាក់សាំង ស៊ីណូហ្វាម របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការទទួលយកការចាក់វ៉ាក់សាំងនេះ ដើម្បីការពារខ្លួនជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ក្នុងប្រតិបត្តិការការពារ សន្តិសុខ សណ្ដាប់ សាធារណៈបងប្អូនប្រជាពលរដ្ឋ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចូលក្នុងសហគមនាពេលបច្ចុប្បន្នផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកក៏បានថ្លែងអំណរគុណប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឲ្យកម្លាំងនគរបាលជាតិ ទទួលបានការចាក់វ៉ាក់សាំងនេះ។ 

សូមជម្រាបថា ការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ជូនទៅដល់កម្លាំងនគរបាលជាតិទូទាំងប្រទេស និងចាប់ផ្ដើមចាប់ពីថ្ងៃទី ២៣ កុម្ភៈនេះតទៅ ដោយអង្គភាពនីមួយៗ ត្រូវដឹកនាំកងកម្លាំងរបស់ខ្លួន មកទទួលវ៉ាក់សាំង ស្របតាមការសម្របសម្រួលរបស់ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ចំនួន៦០ម៉ឺនដូស ជាប្រភេទវ៉ាក់សាំងស៊ីណូហ្វាម បានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅនេះ ។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំងស៊ីណូហ្វាមទាំងនេះ ត្រូវបានប្រគល់ជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស៕

ព័ត៌មានទាក់ទង...