ព័ត៌មានជាតិ

អភិបាលរងខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំហៅកូនចៅរបស់ខ្លួនវិលមកស្រុកកំណើត នាពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ 

image

អត្ថបទ៖ ឡាច សុគន្ធាវី 

បាត់ដំបង៖ អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ដែលមានកូនចៅរបស់ខ្លួនកំពុង ធ្វើការងារនៅក្នុងប្រទេសថៃ សូមណែនាំពួកគេកុំទាន់ឱ្យវិលត្រឡប់មកស្រុកកំណើតនាពេលរដូវបុណ្យចូលឆ្នាំថ្មីជិតចូលមកដល់ខាងមុខនេះ គឺត្រូវរង់ចាំស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសថៃវិលត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញសិន ដើម្បីកុំឲ្យមានការនាំយកជំងឺកូវីដ១៩ចូលមកស្រុកកំណើតយើង ។

ការអំពាវនាវរបស់លោក សឿម ប៊ុនរិទ្ធិ នាពេលនេះ បានធ្វើឡើងក្នុងពេលដែលលោកនិងក្រុមការងារបានដឹកនាំយកបច្ច័យមួយចំនួនរបស់រដ្ឋបាលខេត្តបាត់ដំបង ទៅចូលរួមជាមួយព្រះសង្ឃ គណៈកម្មការនិងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីធ្វើបុណ្យឆ្លងព្រះត្រៃបិដក ឆ្លងផ្ទាំងគំនូ ពុទ្ធាភិសេក បុណ្យផ្កាប្រាក់សាមគ្គីនិងអណ្តូងទឹក ស្ថិតក្នុងវត្តឧត្តមត្រៃសិក្ខារាមកំប្រង់ ហៅវត្តកំប្រង់ ស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាបន្តទៀត ព្រមទាំងចុះពិនិត្យមណ្ឌលចត្តាឡីស័ក ដែលមានទីតាំងក្នុងស្រុកទាំង៣របស់ខេត្តបាត់ដំបង មានស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន និងពិនិត្យស្ថានភាពតាមច្រកព្រំដែនក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង ក្នុងការពង្រឹងដល់ដំណើរឆ្លងដែនរបស់ពលករខ្មែរ ដែលវិលត្រឡប់មកស្រុកកំណើតវិញមានការកើនឡើងជារៀងរាល់ថ្ងៃ ។

លោកបានបញ្ជាក់ថា កាលពីអតីតកាលនៅទីនេះ ធ្លាប់ជាតំបន់ប្រទាញប្រទង់រវាងអតីតទាហានខ្មែរក្រហម ជាមួយរដ្ឋាភិបាល និងជាតំបន់បង្កប់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់នៅរាយប៉ាយពាសពេញផ្ទៃដី បានក្លាយទៅជាតំបន់បៃតងនៃដំណាំកសិកម្មគ្រប់ប្រភេទ ក្រោមនយោបាយឈ្នះៗរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ពេញលេញដែលក្នុងរយៈពេលជាង២១ឆ្នាំកន្លងមកនេះមានការអភិវឌ្ឍគ្រប់វិស័យទាំងវិស័យរដ្ឋ និងវិស័យឯកជន ។  

ទាក់ទងនឹងបញ្ហានៃការឆ្លងជំងឺកូវីដ១៩ ដែលកំពុងតែឆ្លងក្នុងសហគមន៍នោះ លោកអភិបាលរងខេត្តបាត់ដំបង បានលើកឡើងថា ការឆ្លងក្នុងសហគមន៍បានកើតឡើងនៅក្នុងព្រឹត្តិការណ៍២០ កុម្ភៈ នៅក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ បច្ចុប្បន្នត្រូវបានបិទការធ្វើចរាចរណ៍ចេញចូល ដើម្បីទប់ស្កាត់ការឆ្លងជំងឺសកលមួយនេះ ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ត្រូវអនុវត្តឲ្យបាន៣ការពារគឺ ការពាក់ម៉ាស់ ការលាងដៃ និងការរក្សាគម្លាតសង្គម គម្លាតបុគ្គលចាប់ពី១.៥០មឡើងទៅ និង៣កុំគឺ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក កុំទៅកន្លែងមានមនុស្សច្រើន កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នានិងកុំអោបគ្នាជាដើម  ។ដើម្បីឈ្នះជំងឺកូវីដ១៩បាន ៕