កីឡា

ខ្សែប្រយុទ្ធ Cristiano Ronaldo ឡើងឈរកំពូលតារាងកីឡាកររកគ្រាប់បាល់ច្រើនជាងគេនៅ Serie A 

image

អ៊ីតាលី៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានឡើងមកឈរកំពូលតារាងកីឡាករកគ្រាប់បាល់បានច្រើនជាងគេ នៅក្របខណ្ឌ Serie A ក្រោយរកបាន២គ្រាប់ ជួយឱ្យក្រុម Juventus យកឈ្នះក្រុម Crotone ដោយលទ្ធផល ៣-០ កាលពីយប់មិញ។

Ronaldo បានតែតបញ្ចូលទីគ្រាប់បើកឆាករបស់ក្រុមសេះបង្កង់ នៅនាទី៣៨ ជាការលើកបញ្ជូលរបស់ កីឡាករ Alex Sandro ហើយមុនចប់វគ្គទី១ កីឡាករព័រទុយហ្គាល់ដដែល ក៏តែតបញ្ចូលទីបាន១គ្រាប់ទៀតពីការលើករបស់អតីតខ្សែបម្រើក្រុម Arsenal កីឡាករ Aaron Ramsey ដើម្បីនាំមុខ ២-០។ ២គ្រាប់នេះ Cristiano Ronaldo បានវ៉ាហួស Romelu Lukaku របស់ក្រុម Inter Milan ឡើងឈរ Top Scorers នៅ Serie A រដូវកាលនេះ ជាបណ្ដោះអាសន្ន ពោលគឺក្នុងចំនួនគ្រាប់បាល់១៨គ្រាប់ ខណៈ Romelu Lukaku មានគ្រាប់បាល់១៧គ្រាប់។ ដោយឡែក គ្រាប់ទី៣ របស់ Juventus នឹងជាគ្រាប់ចុងក្រោយនៅក្នុងការប្រកួតលើទីលាន Allianz Stadium នេះ ធ្វើបានដោយកីឡាករ Weston McKennie នៅនាទី៦៦នៃវគ្គទី២។

តាមរយៈជ័យជម្នះនេះ បានធ្វើឱ្យ Juventus ទទួលបាន៣ពិន្ទុបន្ថែមឡើងមកឈរលេខ ៣ ក្នុងលីគ មាន៤៥ពិន្ទុ នៅសល់១ប្រកួតទៀតក្នុងដៃ ខណៈបច្ចុប្បន្នក្រុមកំពូលតារាង គឺក្រុម Inter Milan មាន៥៣ពិន្ទុ។ រីឯក្រុម Crotone នៅបាតតារាងមានតែ១២ពិន្ទុ ឃ្លាតពីតំបន់សុវត្ថិភាព៨ពិន្ទុ៕

ព័ត៌មានទាក់ទង...