ព័ត៌មានជាតិ

គ្រួសារទុគ៌ត  ស្រ្តីមេម៉ាយ ជនពិការនិងគ្រួសារក្រីក្រ ចាស់ជរាឥតទីពឹង  រស់នៅឃុំចំនួន៣នៃស្រុកចំនួន២ ស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង ទទួល អំណោយ

image

អត្ថបទ៖ ឡាច សុគន្ធាវី

គ្រួសារទុគ៌ត  ស្រ្តីមេម៉ាយ ជនពិការនិងគ្រួសារក្រីក្រ ចាស់ជរាឥតទីពឹង  រស់នៅឃុំចំនួន៣នៃស្រុកចំនួន២ ស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង ទទួល អំណោយ មនុស្សធម៌ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត   

បាត់ដំបង៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជាបានចាត់តាំងក្រុមការងារដឹកនាំដោយ លោក  ងួន  រតនៈ  អភិបាលខេត្តនិងជាអនុប្រធានកិត្តិយសសាខាខេត្តបាត់ដំបងលោកបណ្ឌិត ប៊ុត  គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី សហការជាមួយកម្មវិធី  «ព័ត៌មានសប្បុរសធម៌»  របស់ទូរទស្សន៍ ប៊ីធីវី  បានចុះសួរសុខទុក្ខ  និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន គ្រួសារទុគ៌ត ស្រ្តីមេម៉ាយជនពិការ ៣គ្រួសារ  រួមមាន៖

(១)លោក ហិត ហើយ អាយុ៥៨ឆ្នាំពិការភ្នែកទាំង២ អតីតជានិវត្តន៍ជនរស់នៅភូមិតាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

(២)-លោកយាយ ចិន យ៉េម អាយុ៩១ឆ្នាំ ពិការភ្នែក រស់នៅជាមួយកូនស្រី

(៣)លោកស្រី ព្រួញ ស៊ុត អាយុ៤៥ឆ្នាំជាស្ត្រីមេម៉ាយ(កម្មករសំណង) មានកូន៣នាក់រស់នៅជាមួយពុកម្តាយក្មេកចាស់ជរា នៅភូមិ

អ្នកតាទ្វា ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី។

លោក   ងួន រតនៈ  អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង  និងលោកបណ្ឌិត ប៊ុតគឹមស៊ាន  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា  ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ  ព្រមជាមួយនឹងការគិតគូរពីសុខភាព  និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋទាំងអស់នឹង បានលេីក ទឹកចិត្ត  ព្រមទាំងផ្តាំផ្ញេីដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់សូមបន្តថែទាំកូន  និងប្រឹងប្រែងដេីម្បីជីវភាពរស់នៅបន្តទៀត  ជាពិសេសត្រូវថែទាំសុខភាពឱ្យបានល្អ  រស់នៅមានអនាម័យ  និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការរបស់ក្រសួងសុខាភិបាល  ទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ។ 

 លោកក៏បានជម្រាបជូនពីស្ថានការណ៍វិវត្តន៍ថ្មីនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ព្រមទាំងសូមឲ្យបងប្អូនទាំងអស់បន្តចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩នេះ  តាមរយៈការបន្តអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  គឺ៖  ៣  ការពារ  (១.ពាក់ម៉ាស់ ២.លាងដៃ  ៣.គម្លាតសុវត្ថិភាពសង្គម  និងគម្លាតសុវត្ថិភាពបុគ្គល  )  និង  ៣  កុំ  (  ១.កុំចូលទៅកន្លែងបិទជិត  គ្មានខ្យល់ចេញចូល  និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក  រកកន្លែងមានខ្យល់ចេញចូល  ២.កុំទៅកន្លែងមនុស្សច្រើននកុះករ  ៣.កុំប៉ះពាល់គ្នា  កុំចាប់ដៃគ្នា  កុំកៀកស្មាគ្នា  កុំឱបគ្នាជាដើម  )  ។ 

អំណោយដែលបានផ្តល់ជូនរួមមាន  ៖  អង្ករ  ៥០គីឡូក្រាម ,  មី  ១កេស ,  ត្រីខ  ១០កំប៉ុង ,  ទឹកបរិសុទ្ធ៥កេស ឃីត  (មុង  ភួយ  សារុង  ក្រមា  អាវយឺត )  ១កញ្ចប់  និងថវិកា   ២០ម៉ឺនរៀល។ 

បន្ទាប់ពីបានផ្តល់អំណោយជូនគ្រួសារខាងលើនេះរួច  ក្រុមការងារ សាខាកាកបាទក្រហមកម្ពុជា  ខេត្តបានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ  និងផ្តល់អំណោយមនុស្សធម៌ជូនដល់លោកយាយលោកតាចំនួន  ៤៧គ្រួសារ  ទៀតដែលរស់នៅក្នុងភូមិតាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡភូមិអង្គ្រង  ឃុំជ្រៃ  ភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំងស្រុកមោងឬស្សី  ដែលគ្រួសារនីមួយៗទទួលបាន  អង្ករ  ២៥គីឡូក្រាម,  មី  ១កេស ,  ត្រីខ  ១០កំប៉ុង ,  ទឹកបរិសុទ្ធ១កេស,ឃីត ១កញ្ចប់ ( ភួយ  សារុង  ក្រមា  អាវយឺត)   និងថវិកា  ៥ម៉ឺនរៀល  ផងដែរ៕ជាមួយគ្នានេះដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី  ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចបានសម្រេចផ្តល់ផ្ទះមនុស្សធម៌ចំនួន៣ខ្នងដល់គ្រួសារទុគ៌តទាំង៣គ្រួសារផងដែរ៕


ព័ត៌មានទាក់ទង...