
ទីតាំងចំនួន៤៤កន្លែងនៅរាជធានីភ្នំពេញត្រូវបានបិទដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញមានទីតាំងចំនួន ៤៤កន្លែងហើយ ដែលអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល បានយកសំណាក និងបានបិទទីតាំងទាំងនោះ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ នេះបើយោងតាមការឱ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងពេលប្រចាំការដោះស្រាយកិច្ចបន្ទាន់ៗមួយចំនួននៅសាលារាជធានីភ្នំពេញ ពាក់ព័ន្ធបញ្ហាទប់ស្កាត់ជំងឺកូវីដ-១៩ និងដកស្រង់បទពិសោធន៍ការងារ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឃួង ស្រេង បានលើកឡើងថា អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង ១៤ បានយកចិត្តទុកដាក់ខ្លាំង ជុំវិញការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងនោះបានបិទទីតាំងចំនួន ៤៤ ក្រោយពីបានយកសំណាកចេញពីទីតាំងទាំងនោះ។
ក្រៅពីនោះ លោក ឃួង ស្រេង ក៏បានណែនាំទៅដល់អាជ្ញាធរ មន្ទីរសុខាភិបាល និងមន្ត្រីពាក់ព័ន្ធត្រូវតែសហការគ្នាធ្វើការងារនេះឱ្យបានលឿន និងមានប្រសិទ្ធភាពដើម្បីឈានទៅលុបបំបាត់ឱ្យបាននូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
សូមបញ្ជាក់ថា ការបិទទីតាំងមិនមែនចប់ត្រឹមនេះទេ ប៉ុន្តែនៅមានទីតាំងជាបន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញនឹងត្រូវបិទផងដែរ បន្ទាប់ពីគ្រូពេទ្យធ្វើការពិនិត្យ និងយកសំណាក ក្រោយពីបានទទួលបានព័ត៌មានថា ទីតាំងនោះមានអ្នកដែលសង្ស័យពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕
ដោយ៖ ម៉ៅ នរិទ្ធិយ៉ា
