ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមអនុវត្តគម្រោងជួសជុលនិងលើកតម្លៃប្រាសាទបាយក្អែក

image

អត្ថបទ៖ ជា ស្រស់

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១នេះ បានចាប់ផ្តើមដំណើរការជួសជុលពង្រឹងគ្រឹះប្រាសាទបាយក្អែកដែលរងការខូចខាតដោយសារអាយុកាល កង្វះការថែទាំ សល់តែគ្រឹះ គ្មានរូបរាងច្បាស់លាស់ និងផ្ទាំងថ្មរាយប៉ាយ ឱ្យមានរូបរាងល្អប្រសើរឡើងវិញ តាមសំណល់សំណង់បុរាណដែលនៅសេសសល់។

លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងជាប្រធានគម្រោងជួសជុលប្រាសាទបាយក្អែក បានឱ្យដឹងថា  ប្រាសាទនេះ ស្ថិតនៅបរិវេណខាងលិច មុខប្រាសាទអង្គរវត្ត។ ហើយ

ការជួសជុលនេះ ក្រុមការងារនឹងប្រើពលករជំនាញ៦នាក់និងរយៈពេល៥ឬ៦ខែអាចនឹងជួសជុលប្រាសាទនេះរួចរាល់ ព្រោះបានធ្វើកំណាយស្រាវជ្រាវរួចហើយកាលពីឆ្នាំ២០២០។ តាមលទ្ធផលស្រាវជ្រាវ គឺឃើញប្រាសាទមានទំហំ៣ម៉ែត្របួនជ្រុង ឃើញកម្រាលឥដ្ឋ ដែលមានរន្ធសរសរបញ្ឈរទំហំអង្កត់ផ្ចិត២០សង់ទីម៉ែត្រ ក្បឿង និងនាងច្រាលមួយចំនួន។ ដូច្នេះតាមការសន្និដ្ឋានបឋម គឺប្រាសាទនេះមានរោងទោងឈើ បែរមុខទៅទិសខាងជើងដែលខុសពីប្រាសាទដទៃសំដៅទៅរកអ័ក្សផ្លូវចូលទៅប្រាសាទអង្គរវត្ត។ ចំពោះរូបរាងប្រាសាទទាំងមូល យើងមិនអាចរៀបចំបានពេញលេញទេ ព្រោះគ្មានជញ្ជាំង បានត្រឹមរៀបចំខឿន ស៊ុមទ្វារ ហោជាងពីលើ ហើយនឹងយកជើងទម្រលិង្គដាក់ក្នុងប្រាសាទឡើងវិញ។

លោក ស្រ៊ុន តិច បន្តថា យោងតាមតាមការតម្កល់ជើងទម្រលិង្គ គឺប្រាសាទនេះឧទ្ទិសដល់ព្រហ្មញ្ញសាសនា ប៉ុន្តែមិនអាចកំណត់ថាប្រាសាទនេះកសាងឡើងក្នុងសតវត្សរ៍ណា មានអាយុកាលប៉ុន្មាន រចនាបថអ្វីឡើយ ដោយសារពុំមានក្បាច់ចម្លាក់អ្វីទាំងអស់អាចកត់សម្គាល់បាន សូម្បីសរសរពេជ្រក៏គ្មានក្បាច់ចម្លាក់សម្គាល់ដែរ។ 

អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់លើកតម្លៃដល់បុរាណដ្ឋានជាច្រើននៅក្នុងរមណីយដ្ឋានអង្គរ មិនមែនតែប្រាសាទគ្រឹះប្រាសាទបាយក្អែកប៉ុណ្ណោះទេ គឺមានបុរាណដ្ឋានដទៃទៀតដូចជា ត្រពាំងសេស ទួលបុរាណ និងផ្លូវបុរាណចេញពីអ័ក្សភ្នំបាខែងក៏ត្រូវបានជួសជុលនិងលើកតម្លៃដែរ ព្រោះវាជាចំណុចសំខាន់ក្នុងការទាក់ទាញទេសចរណ៍ ក៏ដូចជាកេរមតកដូនតាខ្មែរ និងជាបេតិកភណ្ឌពិភពលោកឱ្យនៅគង់វង្សយូរអង្វែង៕