ព័ត៌មានជាតិ

ខេត្តកែបទទួលបានវ៉ាក់សាំងកូវីដ ១.២០០ដូស សម្រាប់ជំហ៊ានដំបូង ក្នុងការចាក់ជួនកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រូពេទ្យ 

image

អត្ថបទ៖ ង៉ុង សាន់  

កែប៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ទូទាំងប្រទេសរបស់រាជរដ្ឋាភិបាល សម្រាប់ខេត្តកែបទទួលបានវ៉ាក់សាំង ចំនួន ១.២០០ដូស ក្នុងជំហ៊ានដំបូង ហើយក៏បានកំពុងដំណើរការចាក់ជូនកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសនគរបាល និងក្រុមគ្រូពេទ្យ ក្នុងខេត្តកែប នៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តកែប នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការចុះត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់អភិបាលខេត្តកែបលោក សោម ពិសិដ្ឋ។ 

ក្នុងឱកាសនោះ លោក អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមការគិតគូអំពីសុខភាព ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលនេះយើងបានដំណើរការចាក់វ៉ាក់សាំងកូវីដ១៩នេះ ជូនក្រុមគ្រូពេទ្យ កងកម្លាំងជាជំហ៊ានដំបូង និងបន្តចាក់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ភូមិ មន្រ្តីសាលាខេត្ត ក្រុមប្រឹក្សាខេត្ត និងប្រធានមន្ទីរអង្គភាព ដែលពួកគាត់ជាអ្នកផ្តល់សេវាដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ។ 

លោកបន្តថា ចំពោះមជ្ឈដ្ឋានខាងក្រៅដែលចោទថា វ៉ាក់សាំងនេះមានបញ្ហាបែបនេះ ឬបែបនោះ គឺមិនមាននោះទេ ខណៈពេលនេះ មានតែការសំណូមពរពីសំណាក់ប្រជាពលរដ្ឋស្នើសុំចាក់ តែដោយសារវ៉ាក់សាំងយើងមានកម្រិត ទើបមិនអាចផ្តល់ជូនបាន ព្រោះយើងផ្តល់អាទិភាពជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលជាអ្នកនៅកៀកកិតជាមួយប្រជាពលរដ្ឋ៕