វ៉េណេស៊ុយអេឡាចាប់ផ្ដេីមចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបុគ្គលិកសុខាភិបាល

សាច់រឿង៖មន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យធំៗនៅក្នុងរដ្ឋធានីការ៉ាកាស (Caracas) របស់ប្រទេសវ៉េណេស៊ុយអេឡា បានចាប់ផ្ដេីមចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបុគ្គលិកសុខាភិបាលក្នុងគ្រាដែលករណីឆ្លងសរុបរបស់វីរុសនេះក្នុងប្រទេសវ៉េណេស៊ុយអេឡាមានចំនួនជាង១៣ម៉ឺននាក់។
នាយកមន្ទីរពេទ្យបាននិយាយថា មន្ទីរពេទ្យបានចាប់ផ្ដេីមចាក់វ៉ាក់សាំងឲ្យបុគ្គលិកពេទ្យដោយប្រេីប្រាស់វ៉ាក់សាំង ស្ពុតនីកវី (Sputnik V) របស់រុស្ស៊ី។
បុគ្គលិកសុខាភិបាលរបស់គុយបាក៏នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងដែរ។ ប៉ុន្តែទោះយ៉ាងណា នាយកមន្ទីរពេទ្យមិនបានបញ្ជាក់ថាមានគ្រូពេទ្យគុយបាប៉ុន្មាននាក់កំពុងធ្វើការនៅមន្ទីរពេទ្យនេះទេ។
ប្រទេសវ៉េណេស៊ុយអេឡាបានទទួលវ៉ាក់សាំងកូវីដ-១៩ ស្ពុតនីកវី (Sputnik V) របស់រុស្ស៊ីចំនួន ១០ម៉ឺនដូសដំបូងនៅថ្ងៃទី១៣ ខែកុម្ភៈ ហើយបានប្រកាសថាខ្លួនបានចំណាយប្រាក់ ២០០លានដុល្លារដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចំនួន ១០លានដូស។
បន្ថែមលើនេះទីភ្នាក់ងារសុខភាពសាធារណៈអន្តរជាតិបានបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន អាស្ត្រាហ្សេណេកា (AstraZeneca) ប្រហែលពី ១លាន៤សែនដូស ទៅ ២លាន៤សែនដូស ត្រូវបានបម្រុងទុកសម្រាប់វ៉េណេស៊ុយអេឡា។
យោងតាមទិន្នន័យផ្លូវការគិតត្រឹមថ្ងៃចន្ទ ប្រទេសវ៉េណេស៊ុយអេឡាបានរាយការណ៍ថា មានអ្នកឆ្លងវីរុសកូវីដ-១៩ ជាង ១៣ម៉ឺន៦ពាន់នាក់ និង មានអ្នកស្លាប់ដោយសារវីរុសនេះជាង ១ពាន់៣រយនាក់ ប៉ុន្តែក្រុមអ្នកជំនាញខាងវេជ្ជសាស្ត្រ និង មេដឹកនាំប្រឆាំងជឿថាតួលេខពិតប្រាកដគឺខ្ពស់ជាងនេះ៕
