មនុស្សពេញវ័យទាំងអស់នៅអង់គ្លេសនឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ នៅត្រឹមចុងខែកក្កដា

សាច់រឿង៖នាយករដ្ឋមន្រ្តីអង់គ្លេសបានសន្យាថា មនុស្សពេញវ័យទាំងអស់នៅក្នុងចក្រភពអង់គ្លេសនឹងបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសដំបូងនៅត្រឹមចុងខែកក្កដាខាងមុខ។
មនុស្សជាង ១៧លាននាក់ហេីយបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់តាំងពីយុទ្ធនាការចាក់វ៉ាក់សាំងក្នុងចក្រភពអង់គ្លេសបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០២០មក។
ប៉ុន្តែ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បាននិយាយថា ឥឡូវនេះលោកចង់អោយយុទ្ធនាការនេះធ្វេីការចាក់វ៉ាក់សាំងឲ្យពលរដ្ឋឲ្យបានកាន់តែច្រេីន និង លឿន។
លោកបាននិយាយថា គោលដៅខែកក្កដានឹងជួយឱ្យពលរដ្ឋស្ថិតក្នុងក្រុមងាយរងគ្រោះទទួលបានការការពារ «កាន់តែឆាប់» ហើយនឹងជួយបន្ធូរបន្ថយវិធានការរឹតបន្តឹងដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលរបស់វីរុសកូវីដ-១៩ នៅទូទាំងប្រទេសបន្ថែមទៀត។
ប្រធានសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេសបាននិយាយថា មានសញ្ញាដំបូងៗដែលបង្ហាញយុទ្ធនាការចាក់វ៉ាក់សាំងនេះកំពុងរួមចំណែកដល់ការធ្លាក់ចុះនៃចំនួនអ្នកជំងឺចូលមកសម្រាកព្យាបាលវីរុសកូវីដ-១៩ ក្នុងមន្ទីរពេទ្យ។
ការចាក់វ៉ាក់សាំងឲ្យបានឆាប់ទៅដល់ក្រុមជនងាយរងគ្រោះទាំងអស់ត្រូវបានគេមើលឃើញថាមានសារៈសំខាន់ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ និង ជួយសម្រាលសម្ពាធពីសេវាសុខភាពជាតិ៕
