ព័ត៌មានអន្តរជាតិ

ប្រមុខអង្គការសហប្រជាតិប្រាប់យោធាមីយ៉ាន់ម៉ាឲ្យបញ្ឈប់ការបង្ក្រាប

image

សាច់រឿង៖អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ​ ហ្គោតឺរ៉េស​ (António Guterres) បានអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ាដែលបានដណ្ដេីមកាន់កាប់អំណាចកាលពីបីសប្តាហ៍មុននោះ​ បញ្ឈប់ការបង្ក្រាប​ ហេីយដោះលែងមនុស្សរាប់រយនាក់ដែលត្រូវបានឃុំខ្លួនចាប់តាំងពីមានរដ្ឋប្រហារមក។ 

លោក ហ្គោតឺរ៉េស​ បានថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវថា​ «យើងមើលឃើញពីការធ្វើឱ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ,​ ការប្រើកម្លាំងឃោរឃៅ,​ ការចាប់ខ្លួនដោយខុសច្បាប់,​ ការបង្ក្រាបដែលស្ដែងចេញយ៉ាងច្បាស់,​ ការរឹតបន្តឹងលើសង្គមប្រជាធិបតេយ្យ,​ ការវាយប្រហារលើសង្គមស៊ីវិល,​ ការរំលោភបំពានដ៏ធ្ងន់ធ្ងរប្រឆាំងនឹងជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា»។ 

លោក ហ្គោតឺរ៉េស​ បានបន្ថែមថា​ «ថ្ងៃនេះខ្ញុំសូមអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ាបញ្ឈប់ការបង្ក្រាបជាបន្ទាន់ ហេីយដោះលែងក្រុមអ្នកទោស។ បញ្ចប់អំពើហិង្សា, គោរពសិទ្ធិមនុស្ស និង ឆន្ទៈរបស់ពលរដ្ឋដែលបានសម្តែងចេញនៅក្នុងការបោះឆ្នោតកាលពីពេលថ្មីៗនេះ»។

គួរកត់សម្គាល់ថា​ ប្រទេសមីយ៉ាន់ម៉ាបានជួបប្រទះនឹងការតវ៉ាអស់រយៈពេលជាច្រើនសប្តាហ៍មកហេីយ​បន្ទាប់ពីមានរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ។

ក្រុមមេដឹកនាំយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់​ លោកស្រី​ អ៊ុងសាន​ ស៊ូជី​ (Aung San Suu Kyi) ហើយបានចាប់ឃុំខ្លួនលោកស្រីនៅក្នុងផ្ទះដោយចោទប្រកាន់លោកស្រីថាកាន់កាប់វិទ្យុទាក់ទងដោយខុសច្បាប់​ និង​ រំលោភច្បាប់គ្រោះមហន្តរាយរបស់ប្រទេស។

ក្រុមអ្នកតវ៉ាកំពុងទាមទារឲ្យបញ្ចប់ការគ្រប់គ្រងរបស់យោធា​ និង​ ឲ្យដោះលែង​ លោកស្រី​ ស៊ូជី​ រួមនិងក្រុមសមាជិកជាន់ខ្ពស់នៃគណបក្សសម្ពន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី៕