ព័ត៌មានជាតិ

ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បដិសេធថា មេរោគកូវីដ-១៩ មិនមែនកើតចេញពីសត្វប្រចៀវក្នុងប្រទេសកម្ពុជាទេ 

image

ភ្នំពេញ៖ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើការស្រាវជ្រាវជាច្រើនឆ្នាំមកហើយ ទៅលើសត្វប្រចៀវ និងមេរោគដែលឆ្លងដោយសារសត្វប្រចៀវនេះ។ ការសិក្សានេះ មិនមែនផ្តោតតែទៅលើមេរោគកូរ៉ូណាតែមួយនោះទេ គឺមានការសិក្សាទៅផ្នែកផ្សេងៗទៀត ព្រោះចង់ដឹងថា ការចម្លងពីសត្វប្រចៀវទៅមនុស្ស និងពីមនុស្សទៅសត្វប្រចៀវ និងជាពិសេសទៅទៀតនោះជាប្រភេទជំងឺកើតឡើងថ្មីៗ។ នេះជាការលើកឡើងដោយ លោកស្រី ឡូរ៉ង់បារ៉ែល ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងសន្និសីទសារព័ត៌មានស្តីពីការបំភ្លឺពីមន្ទីរពិសោធន៍លើបញ្ហាកូវីដ-១៩ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ 

លោកស្រី បានបន្តថា អ្នកវិទ្យាសាស្ត្របានធ្វើការវិភាគទៅលើមេរោគ បានធ្វើការវិភាគ ពិនិត្យមើលទៅលើលក្ខណៈរបស់មេរោគ ដោយពិនិត្យទៅលើសំណាកចំនួន ១៣០ ក្នុងចំណោមនេះ ឃើញមានសំណាកចំនួន ២ ដែលវិជ្ជមានមេរោគកូរ៉ូណា ដែលមានលក្ខណៈស្រដៀង ជាមួយមេរោគកូវីដ-១៩ ដែលកើតឡើងនេះ។ ការស្រដៀងគ្នានេះ មិនមែនជាមេរោគតែមួយនោះទេ ព្រោះការចម្លង និងលក្ខណៈនៃការចម្លងមានភាពខុសគ្នា រវាងមេរោគកូរ៉ណា និងមេរោគកូវីដ-១៩។ ម្យ៉ាងវិញទៀត ការរកឃើញនេះ មិនមែនរកឃើញតែក្នុងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទេ គឺមានការរកឃើញនៅប្រទេសផ្សេងៗទៀតនៅលើពិភពលោក និងក្នុងតំបន់ផងដែរ ដូចជានៅប្រទេសចិន ប្រទេសថៃ ជាដើម។ ការរកឃើញនេះ មិនមានន័យថា មេរោគនេះកើតចេញពីប្រទេសកម្ពុជានោះទេ ហើយក៏មិនមែនជាការរកឃើញតែឯកឯងក្នុងប្រទេសកម្ពុជានោះដែរ។ 

ជាមួយគ្នានេះ លោកស្រី លី អាយឡែន ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា លោកស្រីមានការព្រួយបារម្ភខ្លាំង ចំពោះការកើតឡើងជាចង្កោមក្នុងប្រទេសកម្ពុជា ដែលហៅថា ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយសាវាអាចកើតឡើងជាលក្ខណៈទ្រង់ទ្រាយធំក្នុងសហគមន៍។ ដូចនេះត្រូវតែធ្វើការរួមគ្នា ប្រឹងប្រែងទាំងអស់គ្នា ដើម្បីការពារជំងឺដ៏អាក្រក់បំផុតមួយនេះកុំឱ្យវាកើតឡើង។ ប្រសិនវាកើតឡើងទ្រងទ្រាយធំក្នុងសហគមន៍នោះនឹងមានការប៉ះពាល់ធំចំពោះសុខភាពសង្គម និងផ្នែកសេដ្ឋកិច្ចជាតិ។ ការកើនឡើងអ្នកជំងឺកូវីដ-១៩ កាន់តែច្រើននាពេលអនាគត សូម្បីតែអ្នកជំងឺផ្សេងក៏ពិបាកក្នុងការមកទទួលសេវាព្យាបាលជំងឺដែរ។

លោកស្រីបន្តថា មេរោគកូវីដ-១៩ អាចឆ្លងទៅប្រជាជនណាមួយក៏បាន ហើយមិនមានភស្តុតាងណាមួយបានបញ្ជាក់ថា ប្រជាជនកម្ពុជាណាមួយមានប្រព័ន្ធភាពសុំានឹងមេរោគកូវីដ-១៩ទេ។ មេរោគកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយនោះដែរ ដែលតាមការសង្កេតឃើញក្នុងប្រទេសផ្សេងៗមានករណីកើនឡើង និងបានទប់ស្កាត់បានល្អប្រសើរ ជាពិសេសដំណាក់កាលចុងក្រោយនេះ ក៏មានកើតនៅក្នុងតំបន់ ពិភពលោក និងប្រទេសជិតខាងកម្ពុជាដែរ។ ដូចនេះ ត្រូវអនុវត្តតាមវិធានអនាម័យស្អាតរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញប្រកបដោយប្រសិទ្ធិភាពនាពេលកន្លងមក និងការប្រើប្រាស់ឧបករណ៍ថ្មី មានន័យថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ជាមធ្យោបាយមួយថ្មីបន្ថែមទៀត ពីលើវិធានការអនាម័យ ដូចជា លាងដៃនឹងសាប៊ូ ឬអាល់កុល នៅឱ្យឆ្ងាយពីគ្នា ១ម៉ែត្រកន្លះ ជាដើម។

ក្នុងឱកាសនោះដែរ លោកស្រី លី អាយឡែន បានបញ្ជាក់ថា បច្ចុប្បន្នវ៉ាក់សាំងចំនួន២ ត្រូវបាន WHO អនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ ក្នុងនោះរួមមាន Pfizer និង AstraZeneca។ សម្រាប់វ៉ាក់សាំង AstraZeneca ដែល WHO អនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នោះ ផលិតឡើងនៅប្រទេសឥណ្ឌា និង សាធារណរដ្ឋកូរ៉េខាងត្បូង តែប៉ុណ្ណោះ។ ចំពោះវ៉ាក់សាំងរបស់ប្រទេសចិន Sinopharm បានស្ថិតក្នុងដំណាក់កាលវាយតម្លៃចុងក្រោយរបស់ WHO ផងដែរ។

សូមបញ្ជាក់ថា កម្ពុជាបានទទួលវ៉ាក់សាំងពីប្រទេសចិន ១លានដូស ក្រៅពីនោះរាជរដ្ឋាភិបាលក៏បានបញ្ជាទិញរួចហើយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ពីកូវ៉ាក់ ចំនួន ៧លានដូស ក្នុងនោះអូស្រ្តាលី ៣លានដូស និងបានចចារជាមួយបណ្តាប្រទេសផ្សេងៗផងដែរ៕

ដោយ៖ គង់ វណ្ណៈ

ព័ត៌មានទាក់ទង...