ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ីរៀបចំធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋមីយ៉ាន់ម៉ាទោះបីជាមានការរិះគន់ក៏ដោយ

image

កូឡាឡាំពួរ៖ អាជ្ញាធរម៉ាឡេស៊ីបានចាប់ផ្តើមប្រមូលក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោននិងអ្នកជាប់ឃុំផ្សេងទៀតដែលជាពលរដ្ឋមីយ៉ាន់ម៉ានៅទូទាំងប្រទេសនេះទៅទីតាំងនាវាកងទ័ពជើងទឹកដើម្បីបញ្ជូនពួកគេទៅស្រុកកំណើតវិញ។

នៅរសៀលថ្ងៃអង្គារនេះ ពលរដ្ឋមីយ៉ាន់ម៉ាទាំងនោះនឹងត្រូវបានដឹកតាមនាវា៣គ្រឿងដែលត្រូវបានបញ្ជូនទៅប្រទេសម៉ាឡេស៊ីដោយយោធាមីយ៉ាន់ម៉ាដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី០១ ខែកុម្ភៈ។

ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនមកពីរដ្ឋជីន (Chin) រដ្ឋកាជីន (Kachin) និងសហគមន៍មូស្លីមមីយ៉ាន់ម៉ាដែលរត់គេចពីជម្លោះនិងការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះគឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានធ្វើមាតុភូមនិវត្តន៍។ 

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបាននិយាយថា មានមនុស្សយ៉ាងហោច៦នាក់ដែលបានចុះឈ្មោះជាមួយទីភ្នាក់ងារនេះក៏ត្រូវបានគេបញ្ជូនទៅមីយ៉ាន់ម៉ាវិញផងដែរ ហើយបានថាអាចនឹងមានច្រើននាក់ទៀត។

ប្រទេសម៉ាឡេស៊ីមិនបានឆ្លើយតបទៅនឹងការរិះគន់ទេដោយគ្រាន់តែនិយាយថាគេនឹងមិនធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋមូស្លីមរ៉ូហ៊ីងយ៉ា ឬជនភៀសខ្លួនដែលបានចុះឈ្មោះជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនឡើយ។

ប៉ុន្តែការព្រួយបារម្ភចំពោះការធ្វើមាតុភូមិនិវត្តន៍ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនដែលមិនបានចុះឈ្មោះនៅតែកើតមាន ខណៈដែលឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនមិនត្រូវបានអនុញ្ញាតឲ្យសម្ភាសន៍អ្នកជាប់ឃុំឃាំងជាងមួយឆ្នាំមកហើយស្របពេលដែលមានបង្ក្រាបជនចំណាកស្រុកខុសច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ី៕

ប្រែសម្រួល៖ នីតា

ព័ត៌មានទាក់ទង...